(ភ្នំពេញ)៖ ទទួលបានគោលការណ៍ឯកភាពពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះឆែកឆេរស្វែងរកវត្ថុហាមឃាត់តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស សំដៅធានាសន្តិសុខ សុវត្ថិភាព បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទូរស័ព្ទដៃ និងគ្រឿងញៀន រួមទាំងវត្ថុសម្ភារៈបង្កហានិភ័យដែលជនជាប់ឃុំលួចលាក់នាំចូល ឬរក្សាទុក ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធនាគារ។

ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់បញ្ជាមុឺងមាត់បើកយុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងរាជធានីខេត្ត។ នាវេលាដដែលនោះលោកអគ្គនាយក បានចុះដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមជាមួយនិងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ សរុបចំនួន៤៤៧នាក់ ចុះឆែកឆេរមណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ។

កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទូទាំងប្រទេសបាននបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង ៣៖៣០នាទីរសៀល។ ជាលទ្ធផលក្នុងក្របខណ្ឌទូទាំងប្រទេសបានរកឃើញ និងដកហូតទូរស័ព្ទ ចំនួន២គ្រឿង និងវត្ថុហាមឃាត់មួយចំនួនដែលមិនផ្តល់ផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារឡើយ។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងប្រតិបត្តិការចុះឆែកឆេរនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្តទូទាំងប្រទេស ព្រមទាំងស្នងការរាជធានីខេត្ត ចំនួន៤៦៩នាក់ ទូទាំងរាជធានីខេត្ត ជាមួយនិងបងប្អូនជាថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន១៥៧៥នាក់ សរុបទាំងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារមាន ចំនួន២០៤៤នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍សំរាប់ការងារគ្រប់គ្រងពន្ធនាគារប្រកបដោយ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕