(ភ្នំពេញ)៖ លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានចាត់ជោគជ័យរបស់កម្ពុជា ដោយប្រែក្លាយពីប្រទេសរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ គឺជាគំរូដ៏ល្អមួយ សម្រាប់បណ្តាប្រទេសនានាលើពិភពលោក។

លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះលោកអគ្គលេខាធិការរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម​ចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មថែរក្សា​សន្ដិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោកក៏បានសម្ដែង​ការកោត​សរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រែ​ក្លាយពីប្រទេសដែលរង​គ្រោះ​ដោយសារសង្គ្រាម ទៅជាប្រទេសចូលរួម​ចំណែក​ក្នុងការ​បញ្ជូន​កងកម្លាំងរក្សា​សន្តិភាព​ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានា​នូវ​សុខសន្តិភាព និងសុវត្ថិភាព ដល់បណ្ដាប្រទេសដទៃទៀត។ នេះ គឺជាគំរូដ៏ល្អមួយ​សម្រាប់បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។ ភាពជោគជ័យ​នេះ ក៏ទទួល​បាន​ផងដែរ នូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន។

ជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានកោតសរសើរ ជាពិសេស ចំពោះកង​កម្លាំង​រក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយ​វិន័យ​ខ្ពស់។

លោកអគ្គលេខាធិការរង ក៏បានជម្រាបសម្ដេចធិបតីផងដែរថា អង្គការសហប្រជាជាតិ បន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូល​រួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេស​ដែលកំពុង​មាន​ជម្លោះ និងអសន្តិសុខ។ ព្រមជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានគូស​បញ្ជាក់អំពីការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពី​ការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សា​ការ​ងារជាមួយលោកអគ្គលេខាធិការរង និងបានសម្ដែងការថ្លែងអំណរគុណ និងវាយតម្លៃ​ខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា និងអង្គ​ការ​សហប្រជាជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ​បន្ត​ចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខ ដល់បណ្ដាប្រទេស​កំពុង​ប្រឈមនឹងជម្លោះ និងអសន្តិសុខ ក៏ដូចជាការចូលរួមចំណែកក្នុងការកិច្ចការ​មនុស្ស​ធម៌​ផងដែរ។

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះអង្គការសហ​ប្រជាជាតិ ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់សុវត្ថិភាព ក៏ដូចជាសន្តិសុខ​របស់​កងកម្លាំងរក្សាសន្តិភាព របស់កម្ពុជានៅតាមបណ្ដាប្រទេសនានា។ ទន្ទឹមនោះ សម្ដេច​ធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការ​បន្ត​បញ្ជូនកង​កម្លាំង​រក្សាសន្តិភាពរបស់ខ្លួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេស​ផ្សេងៗ ក៏ដូចជាការបន្ថែមអង្គភាពផ្សេងៗទៀត បន្ថែមលើអង្គភាពទាំង៣ ដែល មានស្រាប់​នាពេលកន្លងមក។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្ត​ទុក​ដាក់ក្នុងការបោសសម្អាតមីន ហើយមកដល់ពេលបច្ចុប្បន្ននេះខេត្តចំនួន១៥ របស់​កម្ពុជា ត្រូវបានប្រកាសជាផ្លូវការថាជាខេត្តដែលគ្មានមីន ហើយរាជរដ្ឋាភិបាលនឹងបន្ត​ការខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ព្រោះថាបញ្ហាបន្សល់ទុកពីសង្រ្គាមនេះ គឺជាបញ្ហាប្រឈមដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេច​របស់រាជរដ្ឋាភិ​បាល​កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ានាពេលខាងមុខនេះ។

សូមបញ្ជាក់ថា កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាម​រាប់​រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយថែមទាំងអាចចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាពពិភពលោក។  ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សា​សន្តិ​ភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩,៥៧០នាក់ (ស្ត្រី ៨១៨នាក់) ទៅបេសក​កម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូ​ដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុង​ហ្គោ។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧  ស្ត្រី ១២៥នាក់ ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។

កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួម​ចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់​ចំណាត់​ថ្នាក់លេខ៣ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេស​អាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស​អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានសម្រេចចិត្តក្នុងការបញ្ជូនកងទ័ព​កម្ពុជា​ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជាការទទួលខុសត្រូវដ៏ធំផងដែរ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា៕