(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា បើពោលអំពីគន្លងប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅថ្ងៃទី២២ ​​សីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងែគម្រប់ខួប​១ឆ្នាំ ​នៃដំណើរការរាជរដ្ឋាភិបាលស្របច្បាប់​អាណត្ដិទី៧នៃរដ្ឋសភា​ ស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​ ដែលត្រូវបាន​ប្រសូត្រ​ចេញ​ពីឆន្ទ:​ប្រជាពលរដ្ឋ ​តាមរយៈ​ការបោះឆ្នោត នៅថ្ងៃទី២៣កក្ក​ដា ឆ្នាំ២០២៣  ដែលមានអត្រាប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតមានចំនួនច្រើនលើសលប់ គឺរហូតដល់ទៅ ៨៤,៥៩ភាគរយ ហើយត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ បានបញ្ជាក់យ៉ាងច្បាស់ៗថា ដំណើរ​​ការ​បោះឆ្នោតបានប្រព្រឹត្ដទៅដោយសេរី យុត្ដិធម៌ ត្រឹមត្រូវ និងក្នុងបរិយាកាសអហិង្សា មានសុវត្ថិភាព​គ្មានការគំរាមគំហែង។

ជាក់ស្ដែងក្នុងដំណើររបស់រាជរដ្ឋាភិបាលស្របច្បាប់​អាណត្ដិទី៧ដ៏ប្រពៃថ្លៃថ្លានេះ មានប្រមុខ​រដ្ឋនៃបណ្ដាប្រទេសទាំងក្នុងតំបន់ ​និងជុំវិញពិភពលោក មានជាអាទិ៍ បារាំង ​,អ៊ីតាលី , ចិន ,អូស្រ្ដាលី, ឥណ្ឌា, ជប៉ុន​​, ក្រិក, អ៊ុយក្រែន ,តួគី ,អារ៉ាប៊ីសាអ៊ូឌីត ,កាតា , លោក​អគ្គ​លេខា​ធិការ​អង្គការសហប្រជាជាតិ, គណកម្មាធិការអ៊ឺរ៉ុប ។ល។ បានស្វាគមន៍ និងអបអរសាទរនូវដំណើរការប្រជាធិបតេយ្យដ៏ប្រពៃនេះ​យ៉ាងស្មោះស្ម័គ្របំផុត។

លោក រ័ត្ន សណ្តាប់ បន្ដថា ស្ថិតក្នុងបរិការនេះ បើពោលអំពីទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបានប្រកាសយ៉ាងក្តែងៗ នៅថ្ងៃទី៤ កក្ដដា ឆ្នាំ២០២៤នេះ ក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយធ្វើការបំផុសបំផុលចលនាមិនទទួលស្គាល់​ភាព​ស្រប​ច្បាប់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី គឺជាការប្រកាសមួយដើម្បីធ្វើរដ្ឋប្រហារមកលើរាជរដ្ឋាភិបាលស្របច្បាប់។ ពីព្រោះចលនារដ្ឋាភិបាលក្រៅប្រទេសនេះ ជាចលនាប្រឆាំងខុសច្បាប់ ហើយបានបង្ហាញយ៉ាងច្បាស់ពីចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលផ្ទុយពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដោយហេតុថា ការផ្លាស់ប្ដូររាជរដ្ឋាភិបាលអាចធ្វើទៅបានគឺតាមរូបភាពតែមួយគត់ គឺការបោះឆ្នោតស្របច្បាប់។ ហើយការបោះឆ្នោតស្របច្បាប់កន្លងមកនេះទៀតសោត ក៏​បានសបញ្ជាក់​​យ៉ា​ងច្បាស់ថា ប្រជាពលរដ្ឋនៅតែបន្ដការគាំទ្រ​គណបក្សប្រជាជន​កម្ពុជា។

ហេតុនេះចំពោះទង្វើនៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់បុគ្គល សម រង្ស៊ី ដែលយកលេសថា ដើម្បីទាមទាមរកយុត្តិធម៌ជូនប្រជាជន វា​គ្រាន់​តែជា​វាំង​នន​ខ្មៅ​មួយ​ផ្ទាំង បិទបាំងមុខដ៏អាក្រក់របស់ខ្លួន នៅក្នុងការបន្ដប៉ុនប៉ងហើយប៉ុនប៉ងទៀត ​និង​សាកល្បងហើយសាកល្បងទៀត ធ្វើ​ជាមេខ្យល់នាំមុខចលនាបះ​បោរតាមគ្រប់រូបភាព ​​ហៅថា "ចលនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ " គឺធ្វើរដ្ឋប្រហារតាមរយៈ "រដ្ឋាភិបាលក្រៅប្រទេសខុសច្បាប់" ។

បើពោលឲ្យចំ អំណាចដែលគណបក្សប្រជាជន​កម្ពុជាទទួលបាន​តាមការបោះឆ្នោត​​បែប​ប្រជាធិបតេយ្យ​​​ បែរជាត្រូវ​បាន​រដ្ឋាភិបាលក្រៅប្រទេសរបស់បុគ្គល សម រង្ស៊ី ចង់​ដណ្ដើម​អំណាច​នេះ តាមបែបអនាធិបតេយ្យផ្ទុយពីច្បាប់ទៅ​វិញ។

ក្នុងស្ថានភាពនេះ យើងអាចចោទជាសំណួរសួរថា តើពួកគេបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ មានគោល​បំណងអ្វីឲ្យពិតប្រាកដ​ ​បើប្រទេសជាតិកំពុងតែមានសន្ដិភាព មានការអភិវឌ្ឍ​ ហើយប្រជាពលរដ្ឋ​កំពុងតែរស់នៅក្នុង​ភាពសុខ​សាន្ត ពោរពេញដោយភាពសប្បាយរីករាយហើយនោះ​?

ជាការពិតណាស់ វាច្បាស់ដូចពន្លឺថ្ងៃអ៊ីចឹង! ​ក្រុមបក្ខពួកគ្នីគ្នារបស់បុគ្គល សម រង្ស៊ី ដែលកំពុងតែរៀបចំបង្កើតរដ្ឋាភិបាលក្រៅប្រទេសទាំងនេះ បានបង្ហាញ​អំពីចេតនា​យ៉ាងច្បាស់​​ គឺពួកគេមានបំណងដើរ​ធ្វើវិទ្ធង្ស​នា​នយោបាយ​ ​​វិចេ្ឆទកម្មសេដ្ឋកិច្ច ​តាមរយៈ​ការបង្ក​ភាព​ចលាចលក្នុងសង្គម ការស្រែកទ្បាំប៉ា​ឲ្យបរទេស​​ផ្ដាច់ជំនួយ និងការឃោសនា​រារាំង​មិន​ឲ្យ​ក្រុមហ៊ុនបរទេសចូលមកធ្វើការវិនិយោគ​នៅក្នុងស្រុកខ្មែរ​ គឺសុទ្ធតែជាការរាំងខ្ទប់​ដល់​ដង្ហើម​សេដ្ឋ​កិច្ច​ជាតិ មិនខុសពីយកដំបងទៅសូកចូលក្នុងកាំកង់រទេះដែលកំពុងតែវិលនោះទេ។ ក៏ព្រោះតែដើម្បីបម្រើ​មហិច្ឆតា​​បុគ្គលខ្លួន ​ដោយពុំបានគិតពីភាពសុខ​សាន្ដរបស់​ប្រជាជននិងប្រទេស​ជាតិទ្បើយ។

ហេតុនេះរាល់ទង្វើរបស់បុគ្គល សម រង្ស៊ី និងគូកនរបស់ពួកគេ គឺជាទង្វើស្រេកឃា្លន​​អំណាចតាមបែប​អនាធិបតេយ្យ ​​ដោយបង្កចលនា​ក្នុង​គោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់ ហើយក៏ជាទង្វើ​ប្រឆាំង​​នឹង​ប្រវត្ដិ​សាស្រ្ដផងដែរ។ ​ពីព្រោះមជ្ឈដ្ឋានទូទៅ​បានស្គាល់យ៉ាងច្បាស់អំពី បរិបទនយោបាយនៅកម្ពុជា​ ពិសេស​​គោលនយោបាយ​ការពារសន្ដិភាព របស់សម្ដេចធិបតី ដែលបានធ្វើឲ្យសង្គមមានការអភិវឌ្ឍលើគ្រប់វិស័យ​ រហូត​ធ្វើឲ្យ​អន្ដរជាតិទទួលស្គាល់ថា កម្ពុជាគួរត្រូវបានទុកជាគំរូ សម្រាប់បណ្ដាប្រទេសនានាលើពិភពលោកទៀតផង។

មួយវិញទៀត អ្វីដែលជាការកត់សម្គាល់ថែមទៀតនោះ រាល់ទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ ដោយបានយកលេសគ្មានហេតុផល ពីការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ស្រែក​ប្រកូ​ក​ប្រកាស​ច្រំដែលៗថា រាជ​រដ្ឋាភិបាល​មិនបាន​អនុវត្ដ​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀងសន្ដិភាព​ទីក្រុង​ប៉ារីស ឬយ៉ាងនេះឬយ៉ាងនោះ។ ត្រង់ចំណុចនេះ លោក រ័ត្ន សណ្តាប់ បានថ្លែងទាត់ចោលទាំងស្រុងនិងបានបញ្ជាក់ថា តាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់ គឺ​ការបញ្ចប់​សង្រ្គាមផ្ទៃក្នុងប្រទេស​ ជំរុញឲ្យកម្ពុជាទទួលបាននូវសន្ដិភាពជា​​និរន្ដន៍​ ប្រជាពលរដ្ឋ​រស់នៅប្រកបដោយសុវត្ថិភាព​ វឌ្ឈនភាព​ សេរីភាព​ គ្មានការជ្រៀតជែ្រក​ផ្ទៃក្នុងពីសំណាក់បរទេស គ្មាន​ការគាបសង្កត់​ពី​អំណាច​​បរទេសណាមួយឡើយ។ កម្ពុជាត្រូវដើរតាមលំអាន​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស តាមរយ:​ការបោះ​ឆ្នោតដោយ​សេរី​ យុត្ដិធម៌​ពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ជាចម្បង។​​​

ដូចនេះមាតុភូមិកម្ពុជាដ៏ស្រស់បវរនៃយើង ជាងម្ភៃឆ្នាំ​បាន​កន្លងផុតទៅ។ ការបោះឆ្នោតសកលបានប្រព្រឹត្ដទៅប្រាំពីរលើកមកហើយ​។ កម្ពុជា​បានដើរតាមលំអានលទ្ធិប្រជាធិបតេយ្យរហូតមក។ កម្ពុជា បានទទួលនូវការអបអរសាទរពីមតិជាតិ និង​អន្ដរជាតិជានិច្ច។ ដូច្នេះការបង្កើតរដ្ឋាភិបាលក្រៅប្រទេសក្រោយការបោះឆ្នោតស្របច្បាប់ គឺ "ជាការធ្វើរដ្ឋប្រហារសុទ្ធសាធ"។

ដោយហេតុថា ចំពោះការ​ខិតខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេលជាង ២ទសវត្ស ទំរាំតែសម្រេច​បាន​នូវ​ឯក​ភាព​ជាតិមួយ​រវាង​ប្រទេស​ទាំង ១៨ រួម​ទាំង​អគ្គ​លេខា​ធិការ​​អង្គការ​សហប្រជាជាតិ ក្នុងនោះ មាន​ប្រទេស​មហា​អំណាច​ទាំង​៥ ចិន រុស្ស៊ី បារាំង អង់គ្លេស និងសហរដ្ឋ​អាមេរិក ដើម្បីសង្គ្រោះ​ប្រទេស​កម្ពុជា​មួយនេះឲ្យផុត​ពីភ្នក់ភ្លើងសង្គ្រាម គឺ​មិនមែនជារឿងងាយ។ ដូច្នេះ ប្រវត្តិសាស្ដ្រ​មិនអាច​បកថយក្រោយ​ ហើយអង្គ​ការ​សហប្រជាជាតិ​ក៏មិនអនុញ្ញាត​ឲ្យ​កម្ពុជា​វិល​ទៅរក​ភាព​វិនាសកម្ម​សារជាថ្មីម្ដងទៀត​បានឡើយ៕