(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យ វាយតម្លៃ និងពង្រឹងកិច្ចការងារបង្ក្រាបបទល្មើស ក្នុងរដូវបិទនេសាទ (រដូវត្រីពងកូន) នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ចាប់ពីចំណុចព្រែករាំងទិល ដល់ចំណុចវាលកក់ ក្បែរឡូតិ៍អភិរក្សលេខ៦។

លោក ខូយ រីដា បានថ្លែងថា ប្រតិបត្តិការចុះពិនិត្យ វាយតម្លៃ និងពង្រឹងកិច្ចការងារបង្ក្រាបបទល្មើសនេសាទនេះ គឺជាការយកចិត្តទុកដាក់ ថែរក្សានូវធនធានធម្មជាតិ នៅជុំវិញបឹងទន្លេសាប ក្នុងដែនអភិរក្ស ដោយសារកន្លងមកមានការនេសាទហួសដែនកំណត់ និងមានការប្រើប្រាស់ឧបករណ៍នេសាទខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យមានការបាត់បង់នូវពូជត្រីមួយចំនួន។ ជាលទ្ធផលយើងពុំបានជួបប្រទះបទល្មើសអ្វីគួរឱ្យកត់សម្គាល់ឡើយ ពោលគឺដោយសារតែប្រជានេសាទ បានជ្រួតជ្រាបពីការអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យជលផល ដែលមន្ត្រីជំនាញបានចុះផ្សព្វផ្សាយ។

លោកអភិបាលខេត្ត ក៏សូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដែលរួមសហការគ្នា បង្ក្រាបបទល្មើសនេសាទ ដែលកើតមានឡើងពីច្រើនទៅតិច ពីតិចទៅតិចបំផុត និងពីតិចបំផុតទៅគ្មាន ដើម្បីឱ្យត្រីមានការកើនឡើង ជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ ដែលនេសាទជាលក្ខណៈគ្រួសារ។

លោកក៏បានណែនាំដល់កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញជលផល ត្រូវបន្តធ្វើការល្បាត និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសនៅចំណុចវាលកក់ ក្បែរឡូតិ៍អភិរក្សលេខ៦ (ជាចំណុចត្រីមេពូជពងកូន)។

គួរជម្រាបជូនថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ អំពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទ ក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤នេះ។

រដ្ឋបាលជលផល បានកំណត់អំពីការបិទនេសាទ មានដូចជា៖ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាស លេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២៕