(ភ្នំពេញ)៖ សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍន៍ (Cambodian Intellectuals for Development Association ហៅកាត់ថា “CIDA”) និងក្រុមមេធាវី អាស៊ី កម្ពុជា បានរៀបចំកម្មវិធី «បរិច្ចាគឈាមជួយដល់ជីវិត» (BLOOD DONATION TO SAVE LIVES) ​ដោយមានការឧបត្ថម្ភពីមេធាវីបញ្ចកោណ។ ពិធីនេះបានឡើងនារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្ដាលនៃក្រុមមេធាវី អាស៊ី កម្ពុជា។

កម្មវិធីត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកស្រី សេង វួចហ៊ុន ប្រធានសមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍន៍ (CIDA) និងជាប្រធានក្រុមមេធាវី អាស៊ី កម្ពុជា, ​លោកស្រីវេជ្ជបណ្ឌិត មើក សាមាន ជាអនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងតំណាងមេធាវីបញ្ចកោណ ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ មេធាវី សិស្ស-និស្សិត អ.ម.ត ​ប្រចាំខេត្តកំពង់ឆ្នាំង និងសាធារណជនដែលជាអ្នកបរិច្ចាគឈាមស្ម័គ្រចិត្ត សរុប​៥៥ អង្គ/នាក់។

កម្មវិធីនេះរៀបចំឡើង​តាមរយៈគំនិតផ្តួចផ្តើមរបស់លោកស្រី សេង វួចហ៊ុន ក្នុងគោលបំណង​ផ្តល់ឱកាសឱ្យ​សាធារណជន ​សិស្សនិស្សិត ជាពិសេស​​​អ្នកច្បាប់ មេធាវី និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងទៀត ​អាចចូលរួមចំណែកជួយដល់សង្គមជាតិ​​​ ​តាមរយៈការ​រួមគ្នាបរិច្ចាគឈាមជូនទៅដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីយកទៅជួយជីវិតមនុស្សដែល​រងគ្រោះ និង​កំពុងត្រូវការឈាមដើម្បីសង្រ្គោះជីវិត។

ថ្លែងនៅពេលបើកកម្មវិធី បន្ទាប់ពីរៀបរាប់សង្ខេបអំពីសមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍន៍ (CIDA) ​លោកស្រីប្រធានបានថ្លែងថា ឈាម គឺជាធាតុសំខាន់បំផុតមួយនៅក្នុងសារពាង្គកាយមនុស្ស និងមានតួនាទីសំខាន់ក្នុងការទ្រទ្រង់ជីវិត​មនុស្សគ្រប់រូប។ ​ការបរិច្ចាគឈាមក៏ផ្តល់អត្ថប្រយោជន៍ដល់​អ្នកបរិច្ចាគដូចគ្នា ដែលធ្វើឱ្យមានសុខភាពរឹងមាំជាងមុន ស្បែកមានសុខភាពល្អជាងមុន កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក និងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ​​ជាពិសេសជួយឱ្យប្រព័ន្ធអវយវៈរបស់យើងដំណើរការបានល្អប្រសើរជាងមុន។ ​

លោកស្រី សេង វួចហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលបរិច្ចាគឈាម ជាពិសេសក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលញ៉ាំងឱ្យកម្មវិធីនេះដំណើរការប្រព្រឹត្តទៅដោយរលូន និងបានផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ និងធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាពផងដែរ៕