(ភ្នំពេញ)៖ ដើម្បីពង្រឹងវិន័យក្រមសីលធម៌ និងតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិរបស់កម្លាំងប្រជាការពារទូទាំងខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយរដ្ឋបាលខណ្ឌ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងសិទ្ធិរបស់កម្លាំងប្រជាការពារពេលចុះបំពេញការងារ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងលោកឡាយ ស្ទេវិន អភិបាលរងតំណាងលោកអភិបាល ចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពីកម្លាំងប្រជាការពារទាំង៨សង្កាត់ និងខណ្ឌជិត២៥០នាក់ ។

មានមតិទៅកាន់កងកម្លាំងប្រជាការពារ, លោក ឡាយ ស្ទេវិន អភិបាលរងតំណាងលោកអភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានលើកឡើងនូវខ្លឹមសារដូចគ្នាថាកម្លាំងប្រជាការពារ គឺជាកម្លាំងដែលចូលបម្រើការងារសង្គមដោយស្ម័គ្រចិត្ត ហើយពុំមានប្រាក់បៀវត្សរ៍ ដូចមន្ត្រីរាជការនោះទេ គឺទទួលបានត្រឹមតែប្រាក់ឧបត្ថម្ភពីអាជ្ញាធរសង្កាត់ និងខណ្ឌតែប៉ុណ្ណោះ។

កម្លាំងប្រជាការពារ ពុំមានសិទ្ធិប្រើប្រាស់អាវុធ ឬខ្នោះដៃអ្វីនោះទេ មានសិទ្ធិត្រឹមតែចូលរួមសហការជាមួយកងកម្លាំងនគរបាល ឬកងរាជអាវុធហត្ថដែលជាមន្ត្រីយុត្តិធម៌ ដោយឡែកកម្លាំងប្រជាការពារ ពេលចូលរួមប្រតិបត្តិការជាមួយកងកម្លាំងមានសមត្ថកិច្ច គឺភារកិច្ចតួនាទីរបស់ខ្លួនបានត្រឹមតែចូលរួមសហការ នឹងផ្តល់ព័ត៌មាន ពីមុខសញ្ញាផ្សេងៗឱ្យមន្ត្រីយុត្តិធម៌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ចំពោះបទល្មើសជាក់ស្ដែង ដែលកើតនៅចំពោះមុខកម្លាំងប្រជាការពារមានសិទ្ធិចាប់ភ្លាមភ្លាម និងប្រគល់ឱ្យទៅកម្លាំងមានសមត្ថកិច្ច ដែលជាមន្ត្រីយុត្តិធម៌។ និយាយរួម កម្លាំងប្រជាការពារមិនមែនជាមន្ត្រីយុត្តិធម៌នោះទេ គឺបានត្រឹមតែចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលជាមន្ត្រីយុត្តិធម៌តែប៉ុណ្ណោះ លើកលែងតែកើតមានបទល្មើសជាក់ស្តែង នៅចំពោះមុខទើបមានសិទ្ធចាប់ជនបង្ករួចហើយប្រគល់ខ្លួនជនសង្ស័យឱ្យទៅមន្ត្រីយុត្តិធម៌ដើម្បីចាត់ការតាមផ្លូវច្បាប់៕