(ភ្នំពេញ)៖ ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋភ្លាម ថាមានទារកម្នាក់ ដែលទើបនឹងកើតហើយត្រូវបានគេចោលលើដំបូលផ្ទះប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរសង្កាត់ចោមចៅទី៣ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានសង្គ្រោះយកទារកខាងលើ យកទៅរក្សាការពារ និងចិញ្ចឹមបីបាច់បណ្តោះអាសន្ននៅក្នុងមណ្ឌលទារក និងកុមារជាតិ ដោយសុវត្ថិភាព តាមនីតិវិធី និងគោលការណ៍មនុស្សធម៌ របស់រាជរដ្ឋាភិបាល ដោយមិនទុកជនរងគ្រោះណាម្នាក់ចោលដោយមិនដឹងនោះទេ។

ជាមួយគ្នានេះ ក្រសួង ស.អ.យ សូមអំពាវនាវដល់គ្រប់ឪពុក ម្តាយ ឬអ្នកអាណាព្យាបាល ឬប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាការពារ ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់កូនៗរបស់ខ្លួនប្រកបដោយគុណធម៌ និងមានការទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនគ្រួសារក្រីក្រ តាមរយៈកម្មវិធីជាតិជំនួយសង្គម មានដូចជា៖ ការឧបត្ថមសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលបច្ចុប្បន្ន បានបញ្ចូលកម្មវិធីនេះ ទៅក្នុងកមុវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ។ ហេតុនេះ បងប្អូនដែលក្រីក្រខ្វះលទ្ធភាព សូមទំនាក់ទំនងទៅអាជ្ញាធរឃុំ-សង្កាត់ដែលបងប្អូនរស់នៅ។

បើសិនបងប្អូនប្រជាពលរដ្ឋ ចង់បានទារកទៅចិញ្ចឹមថែទារក អាចដាក់ពាក្យស្នើសុំទៅក្រសួងសង្គមកិច្ច ដើម្បីស្មុំកូនក្នុងប្រទេស។ ការដែលមានទារក គេយកទៅបោះបង់ចោល មិនប្រជាពលរដ្ឋ ទៅរើសយកមកមើលថែទាំ ចិញ្ចឹមបាននោះទេ គឺជាការខុសច្បាប់៕