(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះកិច្ចព្រមព្រាងលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នា ស្ដីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។

ការចុះ MoU នេះធ្វើឡើងក្រោមអធិបតីភាព លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័នតំណាងវិស័យសិល្បៈខ្មែរ សរុបប្រមាណជិត៣០០នាក់។

ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះហត្ថលេខាជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បករខ្មែរ។

ក្នុងនាមជាប្រធានសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា នេះជាលើកដំបូងសម្រាប់សមាគមសិល្បករខ្មែរ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតាំងប្រធាន សម្រាប់អាណត្តិទី៦ ដែលបានចុះអនុស្សរណៈនៃការយោគយល់ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីមានឱកាសកាន់តែទូលំទូលាយក្នុងការចូលរួមជួយសង្គម តាមរយៈការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឲ្យយល់ដឹងកាន់តែស៊ីជម្រៅ និងចូលរួមកាន់តែសកម្មក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែកជួយឲ្ហអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចការងាររបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានបាត់ទុកជាការងារអាទិភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងនាមប្រធានសមាគមសិល្បករខ្មែរ បានដាក់ចេញនូវផែនការគោលមួយចំនួនផងដែរ សំដៅលើកទឹកចិត្ត បំផុសស្មារតី និងជំរុញឲ្យសិល្បករ សិល្បការិនី អ្នកផលិតកម្មវិធី អ្នកគ្រប់គ្រងកម្មវិធី ឲ្យជួយបញ្រ្ជាបពីខ្លឹមសារអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាអធិបតី និងជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់នេះ បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងឧត្តមគតិដ៏ប្រសើរថ្លៃថ្លា របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយនោះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បាននាំនូវការអរគុណ និងកោតសរសើរដោយស្មោះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាសិល្បករ សិល្បការនីទាំងអស់ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុក និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអនុសាសន៍ដែលសម្តេចធិបតី បានដាក់ចេញនាពេលកន្លងមក ពិសេសឲ្យចាត់ទុក «គ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នា ត្រូវតែចូលរួមលុបបំបាត់» ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជាទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ៕