(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានជំរុញឲ្យសិល្បករ សិល្បការិនីទាំងអស់ ត្រូវដើរតួនាទីជាគំរូសម្រាប់យុវជន យុវតី និងក្នុងសង្គមជាតិទាំងមូល ដើម្បីជាចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាការងារអាទិភាពសំខាន់មួយ ក្នុងចំណោមការងារជាច្រើនទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចាត់ទុកសារអប់រំ ផ្សព្វផ្សាយរបស់សិល្បករ សិល្បការិនី ជាកត្ដាដ៏សំខាន់មួយក្នុងការបញ្ជ្រៀបការយល់ដឹង ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ទៅកាន់សាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់ ពិសេសក្នុងស្រទាប់យុវវ័យតែម្ដង។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រួចទិសដៅលើការងារផ្សព្វផ្សាយអប់រំ ក្នុងចំណោមមធ្យោបាយជាច្រើនទៀតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ខណៈមធ្យោបាយក្នុងការផ្សព្វផ្សាយអប់រំនេះ ត្រូវធ្វើឡើងឲ្យទាន់សម័យ និងមានប្រសិទ្ធភាពខ្ពស់ ពិសេសតាមរយៈអ្នកដែលមានអ្នកគាំទ្រច្រើនដូចជាសិល្បករ សិល្បការិនីជាដើម។

ជាមួយគ្នានេះ លោកសន្ដិបណ្ឌិត នេត សាវឿន បានអំពាវនាវដល់សិល្បករ សិល្បការិនី ចូលរួមផ្សព្វផ្សាយកម្មវិធីទូរស័ព្ទ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លោកបន្ដថា App NoDrug ក្រៅពីបង្ហាញនូវមាតិកាព័ត៌មាន អប់រំ កម្សាន្ដហើយនោះ ក៏ជាមធ្យោបាយមួយដ៏សំខាន់ក្នុងការបញ្ជូនព័ត៌មានមកកាន់សមត្ថកិច្ច ករណីដែលសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿង ប្រកបដោយសុវត្ថិភាព និងរក្សាការសម្ងាត់ចំពោះអ្នកដែលបានរាយការណ៍។

ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់សមាគមសិល្បករខ្មែរ សហការគ្នាឲ្យបានល្អជាមួយអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅដល់ការបង្កើននូវព្រឹត្តិការណ៍ផ្សេងៗ ដែលជាការទាក់ទាញយុវជនគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួម ហើយផ្សព្វផ្សាយសារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្រៅពីព្រឹត្តិការណ៍ដែលមានយុវជនចូលរួមហើយនោះ ក៏អាចផលិតជាបទចម្រៀង ឬរឿងខ្លីៗដែលបង្កប់នូវន័យអប់រំផងដែរ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងឧត្តមគតិដ៏ប្រសើរថ្លៃថ្លារបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការចុះ MoU ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលនេះ។

ក្នុងនាមជាប្រធានសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា នេះជាលើកដំបូងសម្រាប់សមាគមសិល្បករខ្មែរ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតាំងប្រធាន សម្រាប់អាណត្តិទី៦។

លោកជំទាវអ្នកឧកញ៉ា បានគូសបញ្ជាក់ថា ការដែលបានចុះអនុស្សរណៈនៃការយោគយល់ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីមានឱកាសកាន់តែទូលំទូលាយក្នុងការចូលរួមជួយសង្គម តាមរយៈការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឲ្យយល់ដឹងកាន់តែស៊ីជម្រៅ និងចូលរួមកាន់តែសកម្មក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន៕