(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ជាមួយវត្ថុតាងម៉ូតូ១គ្រឿង និងមាសក្លែងក្លាយមួយចំនួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនិតិវិធី ក្រោយស្រាវជ្រាវបង្ក្រាបបានបន្តបន្ទាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើឆបោក (ជម្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិពីជនរងគ្រោះ) ដោយយកបានទាំងខ្សែក, ខ្សែដៃ, ចិញ្ជៀន, ទូរសព្ទដៃ, ប្រាក់ដុល្លារ និងប្រាក់រៀល។

លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា ចំពោះការតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន និងបញ្ចូនជនសង្ស័យទាំង៣នាក់ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងស្នងការរងទទួលដឹកនាំការិយាល័យ និងមានការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន ដូចជា កាបូបដៃម៉ាក GIORGIO ARMANI ពណ៌សូកូឡា១, ថង់ក្រណាត់ពណ៌ក្រហម១, ខ្សែកកាឡៃជ្រលក់ទឹកមាស (មាសក្លែងក្លាយ) ម៉ូតច្រវ៉ាក់ឆាបលាយថ្នាំងអំពៅ១ខ្សែ, បង្កាន់ដៃលក់ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ចំនួន១សន្លឹក, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FH-9053 ចំនួន១គ្រឿង ដោយសង្ស័យពាក់ព័ន្ធបទល្មើសជម្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិពីជនរងគ្រោះ និងបានអនុវត្តឡើងនៅតាមបណ្ដោយផ្លូវលំ១កន្លែង ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នាវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ម៉ម សាវន បានបញ្ជាក់ថា សម្រាប់ជនសង្ស័យទាំង៣នាក់ ទី១៖ឈ្មោះ ឌុក ពិសិដ្ឋ អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប, ទី២៖ឈ្មោះ ប៉ញ ស៊ីថៅ ហៅឆក អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី៣៖ឈ្មោះ នឿន សុខគា អាយុ៣៧ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះជាស្ដ្រី អាយុ៦៣ឆ្នាំ បានបាត់បង់សម្ភារ រួមមាន៖ ខ្សែកមាសទម្ងន់៤ជី១ខ្សែ, ខ្សែដៃមាសទម្ងន់៣ជី១ខ្សែ, ចិញ្ចៀនមាសទម្ងន់៣ជី១វង់, ប្រាក់ដុល្លារ៣០០ដុល្លារអាមេរិក, ប្រាក់រៀលចំនួន៨០,០០០រៀល, ទូរសព្ទ័ដៃចំនួន៣គ្រឿងម៉ាកសាំសុង២គ្រឿង និងម៉ាកអុបប៉ូ១គ្រឿង។

សូមបញ្ជាក់ថា ករណីកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនចំពោះជនសង្ស័យទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសនៃអំពើឆបោក (ជម្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិពីជនរងគ្រោះ) ដោយយកបានទាំងខ្សែក, ខ្សែដៃ, ចិញ្ជៀន, ទូរសព្ទដៃ, ប្រាក់ដុល្លារ និងប្រាក់រៀលនេះដែរ គឺបានកើតឡើងនៅត្រង់ចំណុចតាមបណ្តោយផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤៕