(កំពត)៖ លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកែប-កំពត និងលោកស្រី សុខ ហូរ ព្រមទាំងបុត្រ បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា ឬចាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៩ ក្នុងស្រុក-ក្រុង ចំនួន៤ គឺស្រុកកំពង់ត្រាច ស្រុកឈូក ស្រុកទឹកឈូ និងក្រុងកំពត នៃខេត្តកំពត។

ពិធីខាងលើបានរៀបចំជួបជុំព្រះសង្ឃ ក្រុមគ្រួសារ បងប្អូនញាតិមិត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ជាច្រើនអង្គ/នាក់ នៅទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ LIM LONG ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជូនព្រះសង្ឃ លោក-លោកស្រី ក្រុមគ្រួសារ បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទជិតឆ្ងាយ និងអ្នកពាក់ព័ន្ធ ក៏បានចូលរួមនូវបច្ច័យដល់ព្រះសង្ឃ និងបច្ច័យកសាងកុសលផលបុណ្យ ប្រកបដោយសទ្ធា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមការបង្កលក្ខណៈគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យតាមជំនឿរៀងៗខ្លួន។ សមិទ្ធផលជាច្រើន បានកើតឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

ប្រជាពលរដ្ឋគ្រប់គ្នាចងចាំថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជានៅសល់តែគំនរផេះផង់ទេ មិនមានវត្តអារាមជាទីសក្ការៈ សម្រាប់ប្រជាពលរដ្ឋគោរពបូជា និងធ្វើបុណ្យតាមទំនៀមទំលាប់ ព្រះពុទ្ធសាសនានោះឡើយ។

តែក្រោយពីទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយវិស័យពុទ្ធចក្រក៏ត្រូវបានអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ សម្រាប់ប្រជាពុទ្ធបរិស័ទ្ធគោរពប្រណិបត្តិ។ ទាំងអស់នេះហើយបានបង្ហាញឱ្យឃើញថា កាលណាវិស័យអាណាចក្ររីកចម្រើនរុងរឿង នោះវិស័យពុទ្ធចក្រ ក៏រីកចម្រើនរុងរឿងដូចគ្នាផងដែរ។

នាឱកាសនោះលោក ប៊ុន បារាំង និងលោកស្រី សុខ ហូរ ព្រមទាំងបុត្រ បានប្រគេននូវទេយ្យទាន ដល់ព្រះសង្ឃ ចំនួន៩វត្ត គឺរួមមាន៖ វត្តជុំគ្រៀល, វត្តវាលពួច, វត្តស្នំប្រាំពីរ, វត្តកំពូលមាស, វត្តត្រើយកោះ, វត្តអង់ធំ, វត្តពិជ័យឧត្តុង្គ, វត្តល្អាងទឹកជប់ និងវត្តក្រាំងស្នាយ។

ក្នុងមួយវត្តៗទទួលបាន ទេយ្យទាន រួមមាន៖ ទានចំណាំព្រះវស្សា ១, អង្ករ ១០០ គីឡូក្រាម, អំបិល ១បាវ។ ក្រៅពីនេះមាន ទឹកសុទ្ធ, ទឹកក្រូច, ទឹកផ្លែឈើ, ត្រីខ, មី, ប្រេងឆា, ទឹកត្រី, ទឹកស៊ីអុីវ, ថវិកា ៥០ ម៉ឺនរៀល ព្រមទាំងចង្ហាន់ផងដែរ៕