(ស្ទឹងត្រែង)៖ លោក ប៉ែន នរៈវុធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស) នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយស្តីពី ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្ទឹងត្រែង។

ពិធីនេះមានការចូលរួមពីសំណាក់លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង, លោក ង៉ាន់ រចនា ប្រធានសាខា ប.ស.ស ខេត្តស្ទឹងត្រែង លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត នឹងមានការចូលរួមដោយ មន្រ្តីនគរបាល នឹងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្ទឹងត្រែងជាច្រើនរូប។

នាឱកាសនោះដែរ ប្រធានសាខា ប.ស.ស ខេត្តស្ទឹងត្រែង បានឡើងអានរបាយការណ៍លទ្ធផលការងារសម្រេចបានតាំងពីចាប់ផ្តើមដំណើរការកន្លងមករហូតដល់បច្ចុប្បន្ននឹងស្ថានភាពទូទៅរបស់សាខា ប.ស.ស ខេត្តស្ទឹងត្រែង។

ក្នុងនោះដែរ លោកស្រី កែវ សាវឿន បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវយុទ្ឋសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែមានកំណើនសេដ្ឋកិច្ចរីកចម្រើន ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្ដអភិវឌ្ឍន៍ និងពង្រីកប្រព័ន្ធគាំពារសង្គមឈរលើស្មាតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការពង្រីកវិសាលភាពគ្របដណ្ដប់ប្រជាពលរដ្ឋជាបណ្តើរៗ ប្រកបដោយសមធម៌ និងចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។

ក្នុងឱកាសនោះដែរ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ជាសសរស្តម្ភសំខាន់ក្នុងការរួមចំណែក កសាងសង្គមជាតិ ក្នុងនោះមានសសរស្តម្ភចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយប្រព័ន្ធជំនួយសង្គម ជាកម្មវិធីជំនួយសង្គម ដែលទ្រទ្រង់ដោយថវិការបស់រាជរដ្ឋាភិបាល។ ដោយឡែកប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធមួយនឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមតែបន្តិចបន្តួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិរួមមួយ ដើម្បីការពារហានិភ័យពីការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចាស់ជរា និងនៅពេលមានតម្រូវ ការសេវាថែទាំសុខភាព ព្រមទាំងហានិភ័យផ្សេងៗទៀត។ តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចដល់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រតិបត្តិករតែមួយគត់អនុវត្តប្រព័ន្ធសន្តិសុខសង្គម រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។

លោក ប៉ែន នរៈវុធ បានបន្តថា ប.ស.ស. ក៏បានចុះបញ្ជីផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលដែលគាំទ្រ ដោយថវិកាជាតិសម្រាប់ក្រុមពលរដ្ឋដទៃទៀតរួមមាន កម្មករក្រៅប្រព័ន្ធ, អ្នកធាក់ស៊ីក្លូ, កីឡាករកីឡាការិនី, និងបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានការថែទាំសុខភាព ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

បន្ថែមពីលើនេះ ប.ស.ស. ក៏បានអនុវត្តនូវកម្មវិធី ផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងអភិវឌ្ឍមូលធនមនុស្ស ដោយផ្តើមចេញពីការគិតគូរលើ អាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ ដែលចែកជា ៣ដំណាក់កាលរួមមាន៖ មុនពេលសម្រាល, ពេលសម្រាលកូន, ក្រោយសម្រាលកូនពេលមកទទួលសេវាពិនិត្យសុខភាព និងពេលយកកូនទៅទទួលថ្នាំបង្ការ សុខភាពរហូតដល់អាយុ ២ឆ្នាំ៕