(បាត់ដំបង)៖ អ្នកជំនាញកសិកម្មជំរុញឱ្យកសិករ អនុវត្ត​ការដាំដុះ តាមបែបកសិអេកូឡូស៊ី ដើម្បីទទួលបានចំណូលទៀងទាត់ស្ទើរពេញមួយឆ្នាំ តាមរយៈការដាំដំណាំចម្រុះវិលជុំ។

​លោក រឿម រចនា មន្ត្រីគម្រោងនៃសមាគមនិរន្តរភាពដីដើម្បីជីវិត(SSLA) បានលើកទឹកចិត្តដល់កសិករ​ ចូលរួមអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី ដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពដី បង្កើនទិន្នផលសុវត្ថិភាពស្បៀង និងជួយទាំងថែរក្សាបរិស្ថាន ខណៈក្នុងគម្រោងទើបតែមានចំនួន១០គ្រួសារប៉ុណ្ណោះ ដែលអនុវត្តកសិអេកូឡូស៊ីនេះ។ លោកថា ការអនុវត្តការកសិកម្មតាមបច្ចេកទេសថ្មីនេះ បានធ្វើឱ្យកសិករមានជីវភាពកាន់តែល្អប្រសើរជាងមុន ដោយពួកគេ អាចទទួលបានចំណូលពីការដាំដំណាំគ្រប់រដូវកាល និងមិនចំណាយថវិកា​ច្រើន លើការទិញធាតុចូលកសិកម្មដូចជាថ្នាំ ឬជីគីមី។

លោកបន្ថែមថា «បើនិយាយទៅដល់ កសិអេកូឡូស៊ី គឺជាបច្ចេកទេសនៃការធ្វើការកសិកម្ម ដោយធានាបាននូវនិរន្តភាព និងបរិស្ថាន​កាន់តែល្អប្រសើរ សម្រាប់តទៅកូនចៅជំនាន់ក្រោយ»

ជាមួយគ្នានេះ លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្ដាញកសិអេកូឡូស៊ី (ALiSEA) ពីអង្គការហ្រ្គេត (GRET) បានបញ្ជាក់ថា បណ្ដាញកសិកអេកូឡូស៊ី (ALiSEA) គឺជាបណ្ដាញដែលចូលរួមពីសហភាគីពាក់ព័ន្ធចំរុះ ដូចជាវិស័យឯកជន រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងអង្គការកសិករ ក្នុងទិសដៅផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តកសិអេកូឡូស៊ី អោយបានកាន់តែទូលំទូលាយ។

លោកបានបន្តថា បណ្ដាញ ALiSEA បានឱ្យដឹងទៀតថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន០៣ទៀតគឺឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលមានទទួលជំនួយទាំងថវិកានិងបច្ចេកទេស សម្រាប់អនុវត្តកម្មវិធីកសិអេកូឡូស៊ី ដែលក្នុងនោះម្ចាស់ជំនួយលើគម្រោងនេះមានដូចជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) សហភាពអឺរ៉ុប(EU) និងមូលនិធិបារាំងសម្រាប់បរិស្ថានសកល(FFEM)ជាដើម។

បន្ថែមពីនេះ លោក ប៉ាត សុវណ្ណ បានបង្ហាញថាបណ្ដាញកសិអេកូឡូស៊ី (ALiSEA) មាន​គោលបំណងធំៗចំនួន០៣គឺ៖

ទី១៖​ ពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធតាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងចែករំលែកបទពិសោធន៍ លើការអនុវត្តកសិអេកូឡូស៊ី

ទី២៖ បង្កើនការបង្ហាញ និង ភាពជឿជាក់ លើការអនុវត្តកសិអេកូឡូស៊ី ទៅដល់អ្នកបង្កើតគោលនយោបាយ និងអ្នកប្រើប្រាស់ផលិតផលកសិអេកូឡូស៊ី

ទី៣៖ បង្កើនការអភិវឌ្ឍន៍ និងការទទួលយកការអនុវត្តកសិកអេកូឡូស៊ីក្នុងចំណោមកសិករ។

លោក ស៊ិន ស៊ីវនឿត រស់នៅភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាកសិករជោគជ័យលើការអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ី បានឱ្យដឹងថា កន្លងមកលោកក៏ធ្លាប់បន្លែដោយប្រើប្រាស់ជាតិគីមី ។ ការដាំដំណាំដោយប្រើប្រាស់សារធាតុគីមីនេះ មិនត្រឹមតែ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់គាត់ផ្ទាល់ ​គុណភាពដី ប៉ុន្តែធ្វើឱ្យលោករងការខាតបង់ស្ទើរតែជារៀងរាល់ឆ្នាំ ដោយសារបន្លែលក់បានថោក ហើយត្រូវចំណាយលើធាតុចូលកសិកម្មច្រើន។ ជាពិសេសអាចធ្វើកសិកម្មបានតែ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈដែលការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីវិញ អាចធ្វើការដាំដុះបានជាប្រចាំ ទទួលបានសេដ្ឋកិច្ចវិលជុំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

លោកបន្តថា បន្ទាប់ពីលោកបានផ្លាស់ប្តូរការធ្វើកសិកម្ម តាមបែបកសិករអេកូឡូស៊ី បានធ្វើឱ្យគ្រួសារទទួលបានចំណូលទៀងទាត់ស្ទើរពេញមួយឆ្នាំ ដោយមួយថ្ងៃយ៉ាងហោចណាស់រកបាន១០ម៉ឺនរៀល។

​ចំណែក លោក នឹម ឈៀង ​កសិករ​រស់នៅភូមិស្ដីក្រោម ឃុំរហាសួង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ​បានប្រកាន់ធ្វើកសិកម្មបែបកសិអេកូឡូស៊ី ដើម្បីលើកកម្ពស់បរិស្ថាន និងសុខុមាលភាពមនុស្ស សត្វ កាន់តែល្អប្រសើរ ក៏ដូចជា​រក្សាព្រៃលិចទឹក។ ​

លោកមានប្រសាសន៍ថា «ឃើញថា បច្ចុប្បន្ននេះ មានការទន្ទានព្រៃនិងប្រើប្រាស់ថ្នាំគីមីខ្លាំង ដែលធ្វើឱ្យធម្មជាតិប្រែប្រួល និងប៉ះពាល់ដល់ជីវៈចម្រុះ ហើយសុខភាពក្នុងគ្រួសារខ្ញុំមិនដែលឈឺស្កាត់អីទេ ដោយសារមិនប្រើប្រាស់ថ្នាំគីមីលើដំណាំ និងបន្លែបង្ការស្ទើរតែទាំងស្រុងក្នុង១ឆ្នាំៗ ដូច្នេះខ្ញុំបរិភោគតែបន្លែ ត្រី សាច់ បានពីការចិញ្ចឹមដាំដុះដោយខ្លួនឯង ហើយសល់ពីបរិភោគ ខ្ញុំយកទៅលក់បានប្រាក់ចំណូលក្នុងគ្រួសារកាន់តែធូរធា មិនដែលចំណាយទៅលើថ្នាំពេទ្យទេ»

សូមជម្រាបថា កសិអេកូឡូស៊ី ជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ។ ការធ្វើកសិកម្មតាមលក្ខណៈបែបនេះ ផ្តល់នូវតម្លៃដល់ជីវចម្រុះ និងដំណើរប្រព្រឹត្តទៅនៃ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ហើយទាក់ទាញចំណាប់អារម្មណ៍សាធារណជន តាមរយៈលើកកម្ពស់អធិបតេយ្យភាពស្បៀងអាហារ បង្កើតទីផ្សារក្នុងតំបន់ និងកសិកម្មខ្នាតតូច។ កសិអេកូឡូស៊ី មានធាតុ១០ចូលរួមគឺភាពចម្រុះ, ការរួមបញ្ចូលគ្នា, ប្រសិទ្ធភាព, ការកែច្នៃប្រើប្រាស់ឡើងវិញ, ភាពបន្សាំ, សហបង្កើតចំណេះដឹង, វប្បធម៌ និងទំនៀមទំលាប់ចំណីអាហារ, សេដ្ឋកិច្ចវិលជុំ, គុណតម្លៃ​​ មនុស្សនិងសង្គម និងអភិបាលកិច្ច​ប្រកបដោយការទទួលខុសត្រូវ៕