(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានចុះអប់រំផ្សព្វផ្សាយស្ដីពី «ការលើកកម្ពស់ការយល់អំពី ភាពជាអ្នកដឹកនាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដល់និស្សិតចំនួន ២៥០នាក់នៃសាកលវិទ្យាល័យធនធានមនុស្ស។

ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការអញ្ជើញចូលរួមពី លោកស្រី មុំ ចន្ទី នាយិការងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា, លោកបណ្ឌិត វ៉ា សុភ័ក្ត ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា, លោក ឈុន ណុច សាកលវិទ្យាធិការងនៃសាកវិទ្យាល័យធនធានមនុស្ស និងលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យ។

គោលបំណងសំខាន់នៃការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីរំលឹកពីវីរៈគំរូភាពជាអ្នកដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រីនិងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ។

ពិសេសដោយសារទឹកចិត្ដមនុស្សធម៌ និងការខិតខំប្រឹងប្រែងទាំងផ្លូវកាយ ផ្លូវចិត្ដរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កន្លងមក បានធ្វើឱ្យមានការចាប់អារម្មណ៍ និងមានការទទួលស្គាល់ ជាពិសេសបានទទួលបានគោរមងារដ៏ទៅ២ ពីអង្គការសហប្រជាជាតិទាក់ទងនឹងការងារអេដស៍ និងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ។ដូចនេះហើយទើបកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ចង់ធ្វើការផ្សព្វផ្សាយចែករំលែកនូវកាយវិការដ៏វីរៈគំរូរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីឱ្យសិស្សនិស្សិតទាំងអស់ បានរៀនសូត្រ និងយកគំរូតាមដើម្បីជាគុណប្រយោជន៍របស់កម្ពុជា។

បន្ថែមពីលើចំណុចនេះ ក្នុងពិធីផ្សព្វផ្សាយនេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានជម្រាបបន្ថែមអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគអេដស៍នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥ ដែលជាបញ្ហាគម្រាមកំហែងសុខភាពសាធារណៈ។ ដូច្នេះដើម្បីឈានទៅសម្រេចបានទៅតាមគោលដៅ គឺធ្វើយ៉ាងណាឱ្យអត្រាឆ្លងថ្មីនៃមេរោគអេដស៍ ធ្លាក់ចុះជាង ២៥០ករណីក្នុងមួយឆ្នាំ ប៉ុន្ដែតាមការសិក្សាកន្លងមកនៅឆ្នាំ២០២៣កន្លងទៅ អ្នកឆ្លងថ្មីមានរហូតដល់ទៅ ១,២០០ករណី។

ដូច្នេះហើយបានជាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិផងនោះ គឺបានផ្ដោតសំខាន់ទៅលើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងទៅដល់សិស្សនិស្សិត និងយុវជន នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ពីព្រោះថាតាមរយៈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ក៏ដូចជាអង្គការយូអិនអេដ បានបញ្ជាក់ហើយថា ករណីឆ្លងថ្មីនេះមេរោគអេដស៍ គឺភាគច្រើនជាយុវជនដែលមានអាយុពី ១៥ដល់ ២៤ឆ្នាំ។

នៅក្នុងឆ្នាំ២០២៣កន្លងមក ក្នុងចំណោម ១,២០០ករណីឆ្លងថ្មី យើងឃើញថាមានរហូតដល់ ៨៦% គឺជាក្រុមប្រឈមទាំង៤ គឺបុរសរួមភេទនិងបុរស ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ក្រុមស្ដ្រីដែលរកស៊ីនៅតាមគ្រឹះស្ថានសប្បាយ និងក្រុមបម្លែងភេទ ដែលក្រុមទាំងអស់គ្នា គឺយុទ្ធសឹងតែជាក្រុមយុវវ័យ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត វ៉ា សុភ័ក្ត ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា។

ពាក់ព័ន្ធទៅនឹងជំងឺអេដស៍នេះដែរ លោកបានធ្វើបទបង្ហាញពីការវិធីបង្ការ ការពារ ពីជំងឺអេដស៍នេះទៅដល់សិស្សនិស្សិតថា ជំងឺអេដស៍នេះ គឺជាជំងឺឆ្លងតាមរយៈការរួមភេទ ដូច្នេះវាមិនពិបាកក្នុងការការពារនោះទេ បើនៅវ័យសិក្សាកុំទាន់ប្រឡូកក្នុងការរួមភេទ ឬមានដៃគូច្រើន ស្មោះមួយនឹងមួយ ហើយបើមានដៃគូច្រើន គឺត្រូវប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ។

ក្នុងកម្មវិធីផ្សព្វផ្សាយខាងលើនេះ ក៏បានលើកយកពីបញ្ហាសុខភាពទូទៅ ជូនដល់សិស្សិតផងដែរ ក្នុងនោះដោយក៏ផ្ដោតសំខាន់ទៅលើជំងឺមិនឆ្លង ដែលរួមមាន ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពិភពលោក ក៏ដូចជានៅកម្ពុជាយើង។

ជុំវិញនឹងជំងឺមិនឆ្លងនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងថា ជំងឺមិនឆ្លងទាំង៤ប្រភេទនេះ
គឺទាក់ទងទៅនឹងឥរិយាបថប្រចាំថ្ងៃរបស់យើង នោះគឺការដែលមិនសូវហាត់ប្រាណ ការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ និងការបរិភោគមិនបានត្រឹមត្រូវ គឺផ្អែមពេក ប្រៃពេក និងខ្លាញ់ច្រើនពេក ។ដូច្នេះលោកស្រីបានអំពាវនាវលើកទឹកចិត្ដដល់និស្សិត ក៏ដូចជាប្រជាពលដ្ឋទាំងអស់ សូមបញ្ឈប់ទម្លាប់ការបរិភោគភេសជ្ជៈផ្អែម និងកុំបរិភោគអាហារដែលមានរសជាតិដិតៗពេក «តិចអំបិល តិចស្ករ និងតិចខ្លាញ់ មានសុខភាពល្អ»។

ក្រៅពីនោះលោកស្រីក៏បានផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើជីវិតមនុស្ស សត្វ រុក្ខជាតិ ដែលត្រូវចូលរួមលើកកម្ពស់ការយល់ដឹង ការបន្សាំទៅនឹងអាកាសធាតុ និងការបង្ការ ជាពិសេសគឺរួមគ្នាដាំឈើទាំងអស់។

ចំពោះការអប់រំផ្សព្វផ្សាយខាងលើនេះដែរ បានឃើញថាលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត បានសម្ដែងការនូវការពេញចិត្ដ និងសប្បាយរីករាយយ៉ាងខ្លាំង ពេលទទួលបាននូវវីរៈគំរូ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចំណេះដឹងទូទៅពីការថែរក្សា និងការការពារសុខភាព។

ក្នុងនោះ លោក ឈុន ណុច សាកលវិទ្យាធិការងនៃសាកវិទ្យាល័យធនធានមនុស្ស បានឱ្យដឹងថា «ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានចំណេះដ៏មានសារៈសំខាន់ ពិសេសការចែករំលែកទៅដល់និស្សិតផ្ទាល់ ដែលពួកគាត់សុទ្ធតែជាយុវវ័យ ហើយនេះជាលើកទី២ ដែលបានរៀបចំកម្មវិធីនៅសាកលវិទ្យាល័យធនធានមនុស្ស»។

លោកបន្ដថា «និស្សិតគឺកំពុងស្ថិតនៅក្នុងភាពយុវវ័យ ហើយក៏ជាវ័យដែលមានបញ្ហាប្រឈមច្រើន នៅក្នុងការសិក្សា និងបញ្ហាសុខភាព បើមិនមានប្រុងប្រយ័ត្នជាមុន គាត់នឹងមិនអាចធ្លាក់ខ្លួនសាងនូវទង្វើណាមួយខុសឆ្គង។ ដូចនេះការផ្សព្វផ្សាយពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើឱ្យពួកគាត់អាចចៀសផុតនឹងបញ្ហាប្រឈមខាងលើនេះ។ ជាងនេះទៅទៀត នៅថ្ងៃនេះ គឺនិស្សិតរបស់យើងបានសិក្សារៀនសូត្រ ស្វែងយល់ពីបទពិសោធន៍ដែលអនុវត្ដផ្ទាល់ របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានស្នាដៃឆ្នើមក្នុងការដឹកនាំកិច្ចការសង្គម និងការងារមនុស្សធម៌ ។នេះគឺជាប្រទិនបង្ហាញផ្លូវមួយ ដើម្បីឱ្យនិស្សិតរបស់យើងទទួលបានចំណេះដឹង ដើម្បីបានបន្ដវេនទៅលើកិច្ចការងារសង្គម ការងារមនុស្សធម៌ និងសម្រាប់សង្គមជាតិ»

លោក ឈុន ណុច ថ្ងៃនេះសិស្សិតក៏បានសិក្សារៀនសូត្របន្ថែមពីបញ្ហាសុខភាពទូទៅ ដូចជាការបង្ការការពារពីជំងឺអេដស៍ និងជំងឺមិនឆ្លងផងដែរ ។ដែលបញ្ហានេះ គឺសុទ្ធតែជាចំណុចសំខាន់ណាស់ សម្រាប់និស្សិតដែលស្ថិតនៅក្នុងយុវជនតែម្ដង ដែលជាវ័យមួយងាយប្រឈមបំផុត ពិសេសគឺការចង់ចេះ ចង់យល់ ចង់ដឹងពីការរួមភេទ ដែលអាចប្រឈមមុខនឹងការឆ្លងអេដស៍ កាមរោគផ្សេងៗដែលអាចប៉ះពាល់ដល់អនាគតរបស់គាត់ និងអាចធ្វើឱ្យមានការឆ្លងនៅក្នុងសហគមន៍ផងដែរ ។ដូច្នេះពេលគាត់ទទួលបាននូវការអប់រំនេះ គាត់អាចយល់ដឹងច្បាស់ ចៀសផុតពីការធ្វេសប្រហេសទាំងនោះ ហើយពួកគាត់នឹងក្លាយជាធនធានប្រកបដោយសក្ដានុពលសម្រាប់ប្រទេសជាតិ។

សូមជម្រាបថា ក្នុងពិធីផ្សព្វផ្សាយនេះ ក៏មានរៀបចំកម្មវិធីសំណួរ-ចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ ជូនដល់និស្សិតសាកលវិទ្យាល័យធនធាមនុស្ស៕