(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ប្រកាសថានឹងឲ្យមានការទូងស្គរ វាយគង វាយឃ្មួស នៅទូទាំងខេត្ត ពិសេសរៀបចំឲ្យមានប្រគុំតន្ត្រីខ្នាតធំ និងបាញ់កាំជ្រួចចម្រុះពណ៍ភ្លឺផ្លេកពាសពេញផ្ទៃមេឃ នៅទីរួមខេត្តត្បូងឃ្មុំ ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក៏ដូចជាដើម្បីពលរដ្ឋជួបជុំសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។

លោក ប៉ែន កុសល្យ បានលើកឡើងឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមជាអធិបតីភាព នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ គ សាលាខេត្ត។

ឆ្លៀតក្នុងឱកាសនោះលោក អភិបាលខេត្ត ក៏បានបន្តលើកឡើងនៅប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយរដ្ឋបាលខេត្តតត្បូងឃ្មុំទាំងមូល គាំទ្រយ៉ាងពេញ ទំហឹងចំពោះ គម្រោងជីកព្រែកជីកហ្វូណនតេជោ ហើយសូមស្នើឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គាំទ្រលើគម្រោងព្រែកជីហ្វូណនតេជោនេះ។

លោក ប៉ែន កុសល្យ អភិបាលខេត្ត គូសបញ្ជាក់បន្ថែមថា ព្រែកជីកហ្វូណនតេជោនេះ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផ្លូវទឹកដោយខ្លួនឯងលើក ដំបូងបង្អស់ ហើយវាក៏ធ្វើឱ្យមានភាពរីកចម្រើនទាំងផ្នែកការទូតទំនាក់ទំនងទីផ្សារសេដ្ឋកិច្ចកម្ពុជាផងដែរ៕