(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាលលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថា ស្តីពី «វិស័យអធិការកិច្ច ការពង្រឹងគុណភាពស្ថាប័ន និងការលើកកម្ពស់អភិបាលកិច្ច» ជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ មន្រ្តីគ្រប់គ្រងរដ្ឋបាល និងមន្រ្តីមធ្យម ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល។

ក្នុងកម្មវិធីបាបឋកថាដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោកស្រីរដ្ឋលេខាធិការប្រចាំការ និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអធិការកិច្ច គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីមធ្យម (ថ្នាក់គុណភាព) ដែលបានចូលរួមដោយផ្ទាល់ក្នុងសហសាល និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម (ថ្នាក់នវានុវត្តន៍ ថ្នាក់គុណធម៌) ព្រមទាំងមន្រ្តីក្រមការ ដែលបានចូលរួមតាមប្រព័ន្ធអនឡាញ (Microsoft Teams) សរុបចំនួន ៤២៤អង្គ/នាក់។

សូមជម្រាបជូនថា គោលបំណងសំខាន់នៃការរៀបចំបាឋកថានាថ្ងៃនេះគឺ៖

*ទី១៖ ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យទាក់ទង និងទទួលការណែនាំដោយផ្ទាល់ពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច
*ទី២៖ ជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធការងារដ៏សម្បូរបែបលើវិស័យអធិការកិច្ចពី លោករដ្ឋមន្រ្តីផងដែរ។

លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពី៖

*ទី១៖ សាវតារក្រសួងអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិត្យដ៏មានសារៈសំខាន់នៅគ្រប់ដំណាក់កាល តាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ន
*ទី២៖ សមត្ថកិច្ចរបស់ក្រសួង ក្នុងការធ្វើអធិការកិច្ចលើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា
*ទី៣៖ ចក្ខុវិស័យរបស់ក្រសួងចំនួន៤
*ទី៤៖ បេសកកម្មចម្បងរបស់ក្រសួងលើការងារអធិការកិច្ច, ការងារទទួល អង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹង, ការងារតាមដានការអនុវត្តច្បាប់ និងការងារអប់រំផ្សព្វផ្សាយច្បាប់
*ទី៥៖ លទ្ធផលការងាររបស់ក្រសួងសម្រេចបាននាពេលកន្លងមកដែលចូលរួមចំណែកក្នុងការពង្រឹងគុណភាពស្ថាប័ន ពង្រឹងអភិបាលកិច្ចល្អ និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ
*ទី៦៖ ទិសដៅការងារអាទិភាពបន្តរបស់ក្រសួង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្នុងកម្មវិធីនាព្រឹកនេះដែរ លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានយកឱកាសថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក យក់ ប៊ុនណា ដែលបានអញ្ជើញលោកជាវាគ្មិន នៅថ្ងៃនេះ និងបានផ្តល់ការគាំទ្រដល់ក្រសួងអធិការកិច្ច និងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពមន្ត្រី៕