(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៦ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញ ចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌសែនសុខ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្តាសង្កាត់ទាំង៦ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបានគូសបញ្ជាក់ថា ក្រុមការងារមានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៦ អំពីទិសដៅការងារមួយចំនួនដូចជា៖

១៖ ត្រូវសហការជិតស្និទ្ធ និងជួយគាំទ្រគ្នាទៅវិញទៅមក ដោយមានការចូលរួមផងដែរពីរដ្ឋបាលខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់

២៖ ត្រូវបន្តសហការជាមួយរដ្ឋបាលខណ្ឌ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះមូលដ្ឋាន និងបន្តរៀបចំវេទិកាសាធារណៈ ឱ្យបានទៀងទាត់ ព្រមទាំងត្រូវបន្តរួមគ្នា ខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានានៅ មូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌។

៣៖ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
៤៖ ត្រូវបន្តជំរុញនិងលើកកម្ពស់ការផ្សព្វផ្សាយ និងពន្យល់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
៥៖ ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ សំដៅបង្កើនការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានជំនឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិក សមាជិការក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត នៅឆ្នាំ ២០២៤នេះ និងបណ្តាឆ្នាំខាងមុខ ជាពិសេសការសម្រេចបានជោគជ័យធំធេងបន្ថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕