(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ព្រមទាំងបានលើកឡើង ពីភាពរីកចម្រើន លើវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំងពីរនេះ ចាំបាច់ត្រូវដើរ ទន្ទឹមគ្នា ពីព្រោះព្រះពុទ្ធសាសនា បានចាក់ឫស យ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណី របស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជា មានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម។

គួររំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែ ទៅតាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង៕