(ស្វាយរៀង)៖ សមត្ថកិច្ចខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យ ជាជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជិត៩គីឡូក្រាម ដែលបង្ក្រាបបាននៅស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលផែនប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ប៉ាន់ ស៊ីរ៉ូ ស្នងការរងទទួលផែនការងារព្រំដែន និងលោកវរសេនីយ៍ទោ គង់ សាគុន ស្នងការរងទទួលដឹកនាំវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១១ ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទានព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥៖៣០នាទី នៅចំណុចផ្លូវខ្សែក្រវ៉ាត់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ១៦១-១៦២/១ស្ថិតក្នុងភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិនគរបាលច្រកទ្វាតំបន់ព្រំដែនព្រៃតាអី វរ:សេនាតូចការពារព្រំដែន៦១១បានចេញល្បាតនៅតាមបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែន ក៏បានជួបមុខសញ្ញាសង្ស័យជនជាតិវៀតណាមចំនួន២នាក់ជិះម៉ូតូ០២គ្រឿង ដោយមានការសង្ស័យសមត្ត្ថកិច្ច ក៏បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យកញ្ចប់កេះអីវ៉ាន់ ដែលដឹកតាមតាមម៉ូតូ ពេលនោះជនសង្ស័យដឹងខ្លួន ក៏ផ្តួលម៉ូតូនិងកញ្ចប់អីវ៉ាន់ចោលរូចរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម។

ប្រភពបានបន្តថា នៅពេលកម្លាំងសមត្ថកិច្ចដេញតាមជនសង្ស័យ បានដកអាវុធខ្លីបាញ់សំដៅមកលើសមត្ថកិច្ចជាច្រើនគ្រាប់ តែមិនបង្កឲ្យមានគ្រោះថ្នាក់មកលើកម្លាំងនោះទេ នៅពេលត្រួតពិនិត្យកេះអីវ៉ាន់ដែលជនសង្ស័យទម្លាក់ចោល បានចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទកេតាមីនចំនួន៩កញ្ចប់ ទម្ងន់សុទ្ធ៨៨៦៣.៧៣ក្រាម(៨គីឡូ៨៦៣.៧៣ក្រាម)- បង់អាវុធខ្លី១ មានគ្រាប់៤គ្រាប់ សំបកផ្ទុះ៣ ម៉ូតូ២គ្រឿង និងអត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម១សន្លឹក។

តាមរយៈកិច្ចសហប្រតិបត្តិការនៃការបញ្ជូនព័ត៌មានពីសមត្ថកិច្ចកម្ពុជា បានទាន់ពេលវេលានៅវេលាម៉ោង៧ព្រឹកក្នុងថ្ងៃដដែល សមត្ថកិច្ចវៀតណាមបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមបាន១នាក់ នៅក្នុងទឹកដីប្រទេសវៀតណាម រីឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្នសំណុំរឿង រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕