(ពោធិ៍សាត់)៖ កងកម្លាំងចម្រុះសរុបជាង១ពាន់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុក​ដាក់​ខ្ពស់​បំផុតក្នុងការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងនៅតំបន់ព្រៃក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់។

មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ មានរយៈពេល៨ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រ​របស់​កងទ័ពអាកាសបាត់ការទាក់ទងពេលកំពុងហ្វឹកហ្វឺននៅតំបន់ព្រៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រោមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងការ​ចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងកម្លាំងចម្រុះ រួមជាមួយ​អាជ្ញាធរ​ខេត្តពោធិ៍សាត់ បានធ្វើប្រតិបត្តិការរុករកយ៉ាងយកចិត្តទុកដាក់បំផុតតាំងពីថ្ងៃទី១៣ ខែកក្កដា។

ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងមានការពញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក,ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស, ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២, ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣, ឧត្តមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។

កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការ បន្តព្យាយាមរុករកនៅតំបន់សង្ស័យមួយចំនួន ដោយសង្ឃឹមថា នឹងរកឃើញឧទ្ធម្ភាគចក្រ រួមទាំងមនុស្សផងដែរ និងបានបួងសួងដល់វត្ថុសិក្កិសិទ្ធនៅតំបន់នោះ ជួយឃុំគ្រង តាមបីបាច់ថែរក្សាមនុស្ស ក្នុងឧទ្ធម្ភាគចក្រឱ្យនៅមានជីវិត ដើម្បីជួបជុំជាមួយគ្រួសារពួកគាត់វិញ៕