(ភ្នំពេញ)៖ អនុវត្តតាមការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលស្រុកមុខកំពូល នៃខេត្តកណ្ដាល បានរៀបចំលើកស្លាកគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» ជាច្រើនហូរហែបណ្ដោយតាមផ្លូវជាតិ លេខ៦អា ក្នុងស្រុកមុខកំពូលរបស់ខ្លួន និងបានត្រៀមរួចជាស្រេចក្នុងការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩៖០៩នាទីព្រឹក និងបានអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់កូនខ្មែរ តាមរយៈការវាយគង វាយស្គរ វាយប៉ោត ឬវាយអ្វីមួយដែលបង្កើតបានសំឡេង។

ក្រោយទទួលបានការណែនាំពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, លោក យី យេន អភិបាលស្រុកមុខកំពូល បានចាត់ចែងឱ្យសហការីរៀបចំលើកស្លាកគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ»​ ជាច្រើនហូរហែបណ្ដោយតាមផ្លូវជាតិលេខ៦អា ក្នុងស្រុកមុខកំពូលរបស់ខ្លួន។

លោកអភិបាលស្រុក យី យ៉េន និងមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកមុខកំពូល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រនេះ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ ពោលគឺនឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩៖០៩នាទីព្រឹក។

លោកអភិបាលស្រុក យី យ៉េន និងមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកមុខកំពូល មានក្ដីសង្ឃឹមយ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោនេះនឹងត្រូវអនុវត្តដោយភាពជោគជ័យ ដែលជាស្នាដៃជាប្រវត្តិសាស្ត្របន្សល់ទុកជាកេរមរតកសម្រាប់ប្រជាជាតិកម្ពុជាតទៅមុខទៀត។

លោកអភិបាលស្រុក យី យ៉េន បានបន្តថា រដ្ឋបាលស្រុកមុខកំពូលបានផ្សព្វផ្សាយដល់អង្គភាពសាធារណៈ ទីវត្តអារាម និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩៖០៩នាទីព្រឹក។ មកដល់ពេលនេះ អង្គភាពសាធារណៈ ទីវត្តអារាម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានត្រៀមរួចជាស្រេចហើយក្នុងការគាំទ្រ និងអបអរសាទរនូវស្នាដៃជាប្រវត្តិសាស្ត្រនេះ ដូចជាការត្រៀមទូងស្គរ វាយគង រគាំងជាដើម ហើយនឹងមានការរៀបចំនូវរបាំត្រុដិ របាំជូនពរ ដើម្បីអបអរសាទរក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ ក្នុងគោលបំណងប្រសិទ្ធពរជ័យសិរីសួស្ដីដល់អ្នកអនុវត្តគម្រោងព្រែកជីកឱ្យប្រកបតែសេចក្ដីសុខ សុវត្ថិភាពគ្រប់ៗគ្នា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕