(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ព្រមទាំងក្រុមគ្រួសារ, លោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត, លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅ ចំនួន៤វត្ត នៅស្រុកកំពង់រោទិ៍ រួមមាន វត្តឬស្សីសាញ់ វត្តមហាវ័ន ស្ថិតនៅក្នុងឃុំព្រៃធំ វត្តទួលអំពិល វត្តពោធិមង្គល នៅឃុំសំយ៉ោង។

​​លោកបណ្ឌិត សម តារា បានថ្លែងនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ ដែលបានចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សានេះផងដែរ។

លោកបណ្ឌិតបានលើកឡើងអំពីកត្តាសុខសន្តិភាព បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រទេសដោយសម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្តោតសំខាន់លើវិស័យ៥ជាអាទិភាព រួមមាន ទឹក ភ្លើង ផ្លូវ មនុស្ស និងបច្ចេកវិទ្យាឌីជីថល។

បន្ថែមលើសពីនេះ លោកបណ្ឌិតបានលើកឡើងថា កាលណាមនុស្សយើងម្នាក់ៗ ប្រកាន់យកសុជីវធម៌ គុណធម៌ និងសីលធម៌ ក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃ នោះជីវិតយើងនឹងប្រសើរឡើងជាក់ជាពុំខានឡើយ និងមានតម្លៃពេញមួយជីវិត។

លោកបណ្ឌិតបានអំពាវនាវ ដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅ គ្រប់ទីកន្លែងសូមចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណន-តេជោខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់គំនិតផ្តួចផ្តើមប្រក ដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ទេយ្យទានដែលលោកបណ្ឌិត សម តារា និងលោកស្រី បានវេរ និងប្រគេនព្រះសង្ឃចំនួន៤វត្ត នៅក្នុងថ្ងៃនេះរួមមាន៖ ទៀនព្រះវស្សាធំ១គូ, ទៀនតូចមួយ១គូ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យក្នុងមួយវត្តចំនួន៤០ម៉ឺនរៀល និងចែកជូនពុទ្ធបរិស័ទដែលបានចូលរួមនូវថវិកាមួយចំនួនដែលសរុបក្នុងកម្មវិធីចំនួន ២៥៥០ដុល្លារ៕