(សៀមរាប)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងចម្រុះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចាប់ជនសង្ស័យម្នាក់ និងគ្រឿងញៀនជិត១០គីឡូក្រាម នៅចំណុចលើដងផ្លូវ ស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០៖៣០នាទីកម្លាំងជំនាញបានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយចាប់ជនសង្ស័យម្នាក់ឈ្មោះ ធន ឆវ័ន្ទ ហៅ ណាត់ ស្រុកកំណើតភូមិតាកុក១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង សព្វថ្ងៃរស់នៅផ្ទះជួលស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

របាយការណ៍បានបញ្ជាក់ថា កម្លាំងនគរបាលបានដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីន​ (ICE) ចំនួន ១០ដុំ ស្មើនឹងទម្ងន់ ៩,៩៥៥.៦៥ក្រាម, មេតំហ្វេតាមីនប្រភេទគ្រាប់ ពណ៌ផ្កាឈូកសញ្ញា WY ចំនួន ០៥គ្រាប់។

ក្រោយការសួរនាំ នៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់៕