(ក្រចេះ)៖ លោក ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងា​រ​គណ​បក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ ក្រុមការងារ ថ្នាក់ដឹកនាំ សមា​ជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកសំបូរ បានរួមគ្នាប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន២៧ នៅទូទាំងស្រុកសំបូរ ខេត្តក្រចេះ។

ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់​ប្រជា​​ពុទ្ធបរិស័ទខ្មែរ តែង​តែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យ​ចូល​ព្រះ​វស្សា។ បុណ្យចូលព្រះវស្សា​ឆ្នាំ​នេះ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ២០២៤។ បុណ្យចូលព្រះវស្សាដែលមានរយៈពេល​ប្រមាណ​ជា​​៣ខែនេះ ជាពេលវេលាដែលព្រះសង្ឃពិបាកនិមន្ត​បិណ្ឌ​​បាត្រព្រោះជារដូវភ្លៀង។ អា​ស្រ័យ​ហេតុនេះហើយ ទើបប្រជាពុទ្ធ​បរិ​ស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀន​ព្រះ​វស្សា​​សម្រាប់អុជបំភ្លឺ​ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជា​ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន កើតចេញពីសទ្ធាជ្រះថ្លារបស់លោក ង៉ូវ ប៊ុនរិទ្ធ ព្រមទាំងក្រុមការងារ ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាក្រុងស្រុកសំបូរ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវត្តព្រះវិហារធំសសរ​មួយ​រយ ស្រុកសំបូរ​ ខេត្តក្រចេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៉ី ចន្ទ័តារា តំណាង​លោក ង៉ូវ ប៊ុនរិទ្ធ និងលោក ឌួង ពៅ ប្រធានក្រុមការងារថ្នាក់ខេត្តចុះ​ជួយស្រុក​សំបូរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ក្នុងស្រុកសំបូរ និងក្រុមការងារមួយចំនួនទៀត។

ទេយ្យទានដែលបានប្រគេនដល់វត្តទាំង២៧ ក្នុងមួយវត្តទទួលបាន ទៀនមួយគូ, អង្ករមួយបេ,ទឹកស៉ីអៀវ ១យូរ, ទឹកត្រី ១យូរ, ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ១កេស, ត្រីខ ១យួរ, មី ១ កេស, ប្រេងម៉ាហ្សូត ១កាន និងបច្ច័យ១៥០,០០០រៀល៕