(កំពង់ធំ)៖ លោក សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ នៅភូមិស្រែ​វាលខាងកើត ឃុំ​ដងកាំបិត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។​

លោក សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធាន​ក្រុមការងាររបស់​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកសណ្តាន់ ដែល​ក្នុងរដូវវស្សារយពេលប៉ុន្មានថ្ងៃកន្លងមកនេះ ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ក្នុង​ភូមិ​សាស្ត្រខេត្ត​ព្រះ​ព្រះវិហារ​ និង​ខេត្ត​កំពង់​ធំ​យើង ដែល​អាចបង្ក​ជំនន់​ទឹកភ្លៀង។

លោកបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ​ទាំង​អស់​ ដែលកំពុងរស់នៅតាមមាត់ស្ទឹង ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗដោយ​ត្រូវ​ថែរក្សា​សុខភាព​រៀបចំ​ទីកន្លែង​រស់​នៅឲ្យបានល្អ ហូប​ស្អាត​ ពិសា​រទឹកឆ្អិន​ ពិសេសត្រូវ​ប្រុងប្រយ័ត្ន​ក្មេង​ៗ និងបានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមមាត់ស្ទឹង សូមទទួលបានសុខសុវត្ថិភាព ចៀសផុតពីជំងឺតម្កាត់ផ្សេងៗ​ និងមានសេចក្តីសុខចម្រើនគ្រប់ៗក្រុមគ្រួសារ។​

លោកបាននាំយកនូវ​អំណោយមនុស្ស​ធម៌​ដ៏ថ្លថ្លា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូន​ប្រជាពលរដ្ឋ ដែល​កំពុង​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ប្រចាំថ្ងៃ​ចំនួន៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មីជាតិ ទឹកត្រី  និងត្រីខកំប៉ុងផងដែរ។​

លោក ​លន់​ យ៉េន​ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ បានសូមគោពថ្លែង​អំណ​អំណរគុណ​ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចធិបតី​ និង​លោក​ជំទាវបណ្ឌិត ព្រមទាំលោក សោម​ ស៊ុន​ ដែល​តែងតែ​បាន​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ជួយ​ដោះ​ស្រាយ​ការ​លំបាក​គ្រប់​បែបយ៉ាង​ជូនដល់​ប្រជាពល​រដ្ឋ ព្រះសង្ឃ​ និង​ក្រុមគ្រួសារ​អតីត​យុទ្ធជន​នៅ​ឃុំ​ដងកាំបិត ​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​៕