(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយក្រុមនិសិ្សតអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (Japanese Grant Aid for Human Resource Development Scholarship- JDS) ចំនួន ២៥រូប ដែលជាមន្រ្តីរាជការមកពី ១៤ក្រសួង-ស្ថាប័នរដ្ឋ មុនចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជំនួបនេះធ្វើឡើងដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់។ បន្ថែមពីលើនេះលោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានចូលរួមអបអរសាទរ កោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែម ពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អ ដើម្បីចូលរួមកសាងប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ៕