(សៀមរាប)៖ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ព្រះគ្រូចៅអធិការវត្តកេសរារាម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងអាចារ្យ គណៈកម្មការវត្ត ដូនជី តាជី រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធធ្វើពិធីថ្ងៃបុណ្យចូលព្រះវស្សា និងពិធីបុណ្យអាសាឡ្ហបូជា ដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗទាំង ៥របស់ព្រះពុទ្ធ ដោយមានការរៀបចំជាក្បួន ដើម្បីដើរដង្ហែរបុណ្យអាសាឡ្ហបូជា តាមដងផ្លូវផងដែរ។

ព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តកេសរារាម មានសង្ឃដីកាថា ការរៀបចំប្រារព្ធធ្វើពិធីថ្ងៃបុណ្យចូលព្រះវស្សា និងពិធីបុណ្យអាសាឡ្ហបូជានាពេលនេះ ចង់បង្ហាញអំពីទឹកចិត្តដ៏ល្អ និងជាគំរូដល់ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ក្នុងការលើកតម្លៃលើគុណធម៌ និងសាសនា ដើម្បីលើកកម្ពស់សាសនាព្រះពុទ្ធ ឱ្យបានរីកចម្រើនខ្លាំងក្លា តាមព្រះពុទ្ធឱវាទសំដៅធ្វើការអភិរក្ស និងអភិវឌ្ឍន៍នូវ ដើម្បីជាលំអានសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយ បានយល់ជ្រួតជ្រាបកាន់តែច្បាស់ អំពីគុណតម្លៃនៃព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋ។

ព្រះវិបុលសត្ថា មានសង្ឃដីកាបន្តថា បណ្តាថ្ងៃបូជាទាំងអស់ អាសាឡ្ហបូជា ជាទិវាដ៏សំខាន់បំផុតមួយ នៅក្នុងព្រះពុទ្ធសាសនា ទិវានេះតែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅរៀងរាល់ថ្ងៃ ១៥កើត ខែអាសាឍ។

ព្រះវិបុលសត្ថា រី សាត មានសង្ឃដីកាទៀតថា ពិធីបុណ្យអាសាឡ្ហបូជា ធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗទាំង ៥របស់ព្រះពុទ្ធ រួមមាន៖ ព្រះពោធិសត្វ ទ្រង់ចុះចាប់បដិសន្ធិ, ព្រះអង្គទ្រង់ចេញសាងព្រះផ្នួស, ព្រះអង្គ ទ្រង់សម្តែងព្រះធម៌ដំបូង ហៅថាបឋមទេសនា, ព្រះអង្គទ្រង់ស្ថាបនាព្រះសង្ឃ, ព្រអង្គទ្រង់សម្តែងយមកប្បាដិហារ្យ ឬសម្តែង ឬទ្ធិ។

ហេតុទាំង៥ខាងលើនេះ សុទ្ធតែកើតឡើងនៅក្នុងថ្ងៃ ១៥ កើត ខែអាសាឍ ទាំងអស់ផងដែរ។ ហេតុដូចនេះហើយ ពុទ្ធបរិស័ទទាំងអស់ គប្បីបំពេញបុណ្យកុសល ដោយធម្មានុធម្មប្បដិបត្តិបូជា ការបូជាដោយការប្រតិបត្តតាមសមគួរដល់ធម៌ មានការឲ្យទាន ការរក្សាសីល និងការចម្រើនភាវនា ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើន។

ព្រះគ្រូចៅអធិការបញ្ជាក់ថា បុណ្យចូលព្រះវស្សា គឺពិធីបុណ្យដ៏មានសារៈសំខាន់មួយក្នុងព្រះពុទ្ធសាសនា គឺជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃទាំងឡាយ គ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធ ដល់ ១៥កើតខែអស្សុជ គិតតាមចន្ទគតិ ដែលទំនៀមទំលាប់នេះ បានជាប់ជាប្រពៃណីប្រតិបត្តិរហូតមក។ ហើយទាំងព្រះមហាក្សត្រ និងរាស្ត្រសាមញ្ញទូទៅ តែងទំនុកបម្រុងគ្រឿងបរិក្ខាបូជាផ្សេងៗចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ដើម្បីបានអានិសង្សដល់ជាតិមុខ។

ព្រះវិបុលសត្ថា រី សាត មានសង្ឃដីកាបន្តថា ថ្ងៃចូលព្រះវស្សា ដែលមានថេរវេលា៣ខែនោះ គឺតាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗពីវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសផងដែរ៕