(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ដែលជាអាជីវករតាមបែបព្រះពុទ្ធសាសនា និងជាពាណិជ្ជករ ល្បីឈ្មោះមួយរូបនៅកម្ពុជា បានប្រាប់ពីបច្ចេកទេសក្នុងការដាំដំណាំ ក៏ដូចជាដាំដើមឈើរស់បានច្រើន និងកាត់បន្ថយងាប់ឲ្យនៅកម្រិតតិចបំផុត និងបានទិន្នផលច្រើន ដោយត្រូវប្រើជីធម្មជាតិ ដែលផ្សំឡើងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយលោកនឹងបង្រៀនបច្ចេកទេសធ្វើជីនេះ ដល់ពលរដ្ឋដោយមិនគិតកម្រៃទៀតផងដែរ។

ការថ្លែងលើកឡើងបែបនេះ របស់ឧបាសក អៀង សុធារ៉ា បានធ្វើឡើងនៅក្នុងពិធីចែកកូនឈើប្រណិតចំនួន ៥០០០ ដើម ដែលជាការឧបត្ថម្ភគាំទ្រពីក្រសួងបរិស្ថាន ដល់វត្តថ្មីគ្រីល ស្ថិតនៅក្នុងឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០២៤ ដែលមានការចូលរួមពីលោក អ៊ាត សីលា តំណាងក្រសួងបរិស្ថាន លោក កែវ ឈា ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ព្រះគ្រូចៅអធិការវត្តថ្មីគ្រីល អាជ្ញាធរដែនដី មន្ត្រីពាក់ពន្ធ័ និងប៉ុស្តិ៍រដ្ឋបាលទាំង១៣ មណ្ឌលសុខភាពទាំង១៣ផងដែរ។

ឧបាសក អៀង សុធារ៉ា បានបន្ថែមថា សូម្បីតែដីដែលមានថ្មក៏អាចដាំដំណាំបានដែរ ដោយឡែកសម្រាប់ដីនៅស្រុកកំពង់ត្របែកយើងនេះ គឺគ្រាន់តែកែដី និងធ្វើជីធម្មជាតិ ដោយប្រើវត្ថុធាតុដើមនៅក្នុងស្រុកទាំងអស់ រួមមានអាចម៍គោ អង្កាម កន្ទក់ ស្កររងូ និងម្សៅម្យ៉ាងទៀតឈ្មោះ Trichoderma ជាប្រភេទផ្សិត ជីវៈរស់ល្អដែលជួយដល់ដំណាំកសិកម្ម រកទិញបាននៅក្នុងស្រុក ហើយបូកនឹងកម្លាំងពលកម្មចំណាយពេលត្រឹមតែ ៤អាទិត្យបានប្រើហើយ ក្នុងតម្លៃមួយតោនជី បូកទាំងអ្នកបច្ចេកទេសអស់តម្លៃប្រហែល១០០ ដុល្លារតែប៉ុណ្ណោះ ដោយបានទិន្នផលច្រើន។

លោកថា កន្លងមកលោកបានបង្រៀនដល់កសិករ មកពីខេត្តបាត់ដំបង បានយកបច្ចេកទេសនេះ ទៅអនុវត្តទទួលបានជោគជ័យផងដែរ។ ចំណែកកសិករនៅកំពង់ត្របែកមួយចំនួន ក៏បានចូលរៀនធ្វើជីធម្មជាតិដែរ ហើយបើធៀបទៅនឹងការប្រើប្រាស់ជីគីមី យើងចំណេញបានបីដងទៅបួនដងឯណោះ។

លោកបានបន្តថា នៅថ្ងៃទី៨ ខែសីហាខាងមុខនេះ មានសមាគមជប៉ុនដ៏ធំមួយ បានមកសិក្សាអំពីរមណីយដ្ឋានភូមិ សុខា រាវី ដើម្បីយកទៅផ្សព្វផ្សាយបន្តនៅកន្លែងដទៃទៀតផងដែរ។

ឧបាសក អៀង សុធារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រៃវែង ក៏ដូចជានៅស្រុកកំពង់ត្របែក សូមមករៀននៅរមណីយដ្ឋានភូមិ សុខា រាវី អំពីបច្ចេកទេសធ្វើជីកសិកម្ម ដើម្បីបានទិន្នផលច្រើន ដោយលោកពុំគិតកម្រៃនោះទេ ដើម្បីធ្វើយ៉ាងណាឲ្យកសិករមានលទ្ធភាព ដាំដំណាំឲ្យបានទិន្នផលច្រើន ចំណេញច្រើន ពីព្រោះរមណីដ្ឋានភូមិ សុខា រាវី មិនត្រឹមតែជារមណីយដ្ឋានធម្មជាតិប៉ុណ្ណោះទេ តែក៏ជាកន្លែងផ្ដល់ចំណេះដឹងដល់មន្ត្រីរាជការ ប្រជាពលរដ្ឋទទួលបានចំណេះដឹងផ្នែកកសិកម្ម ការអប់រំចិត្តបែបព្រះពុទ្ធសាសនាជាដើម។

សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីចែកកូនឈើនេះ ប៉ុស្តិ៍រដ្ឋបាលទាំង ១៣ទទួលបានកូនឈើ ៣៥០ដើម និងមណ្ឌលសុខភាពទាំង ១៣ទទួលបានកូនឈើ ៣៥០ដើមសរុប ៧០០ ដើម ព្រមទាំងមានការចែកកូនឈើជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឲ្យមូលដ្ឋានស្រុកកំពង់ត្របែក ក្លាយជាស្រុកមានធម្មជាតិស្រស់បំព្រង៕