(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណ:អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក២៥២នាក់ ចុះពិនិត្យព្យាបាលជំងឺ អប់រំសុខភាពសាធារណ: និងផ្តល់អាហារូបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលចំនួន១,៥៩៨នាក់ នៅវិទ្យាល័យស្លាបលែង ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះធ្វើឡើងក្រោមពាក្យស្លោក «សុខទុក្ខកូនៗ ជាសុខទុក្ខ ប៉ា ប៉ា ហ៊ុន ម៉ានី» ដែលជាចក្ខុវិស័យមួយដ៏វែងឆ្ងាយរបស់លោក ហ៊ុន ម៉ានី ដែលតែងគិតគូរពីអនាគតយុវជននៅកម្ពុជា ហើយតែងចាត់ទុកសុខទុក្ខរបស់យុវជន និងប្រជាពលរដ្ឋទាំងអស់ដូចជាសុខទុក្ខរបស់លោកដែរ។

ជាមួយគ្នានេះកម្មវិធីនេះជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអប់រំសុខភាពដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យ និងវិទ្យាល័យពីរបបរស់នៅរបបហូបចុក របបហាត់ប្រាណ ការថែទាំសុខភាពរាងកាយ និងសុខភាពខួរក្បាល ដែលពួកគាត់ជាទំពាំងស្នងឬស្សី និងជាមូលធនមនុស្សដ៏សំខាន់សម្រាប់ជាតិ។ ហើយក្រៅពីការអប់រំសុខភាពសាធារណ:ខាងលើនេះ ក្រុមគ្រូពេទ្យនៅមានការផ្តល់អាហារូបត្ថម្ភជាវីតាមីនចម្រុះ និងបណ្តាវីតាមីនសំខាន់ៗមួយចំនួនទៀតសម្រាប់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដើម្បីបំប៉នសុខភាពរបស់ពួកគាត់ផងដែរ។

ទន្ទឹមនឹងនេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤មកនោះ ក៏តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅមូលដ្ឋាន ជាពិសេសតំបន់ឆ្ងាយពីសេវាសុខាភិបាល ដោយធ្វើការពិនិត្យ ព្យាបាលជំងឺ រួមមានជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ អេកូសាស្រ្ត មន្ទីរពិសោធន៍ចល័ត និង និងអប់រំសុខភាពសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកហើយ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក ជា ប៉ោ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយរំពារ លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោក សំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ឋ ព្រមទាំងស.ស.យ.ក ស្រុកបសេដ្ឋផងដែរ។

លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ទាំងអស់ ជាពិសេសដល់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងលោកស្រី ដែលតែងតែគិតគូរពីសុខទុក្ខនិងសុខុមាលភាពរបស់បងប្អូន និងសូមជូនពរឲ្យលោកទាំងពីរ និងក្រុមគ្រួសារបានសមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ហើយសំណូមពរសុំឲ្យបន្តកម្មវិធី «សុខទុក្ខកូនៗ ជាសុខទុក្ខ ប៉ា ប៉ា ហ៊ុន ម៉ានី» នេះឲ្យបានកាន់តែទូលំទូលាយថែមទៀត ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ ក៏បានអញ្ជើញដាំកូនឈើលោក ហ៊ុន ម៉ានី ជានិម្មិតរូបនៃក្តីស្រឡាញ់របស់លោកផងដែរ៕