(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការគណបក្សប្រជាកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី២១ សម្រាប់មន្ត្រីគណបក្ស មន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារយុវជនគណបក្សខេត្ត និងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធាន និងអនុប្រធានសាខាបក្សចំណុះ គណបក្សឃុំ ប្រធាន អនុប្រធានសមាជិកសាខាបក្សភូមិ នៅទីស្នាក់ការគណបក្សខេត្តព្រះសីហនុ។

វគ្គអប់រំនយោបាយជំនាន់ទី២១ បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ដោយសិក្ខាកាមគ្រប់រូបបានចូលរួមយ៉ាងសកម្មក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ត្រងត្រាប់ស្តាប់និងកត់ត្រានូវរាល់ខ្លឹមសារមេរៀននិងបទឧទ្ទេសនាម គោរពវិន័យ ព្រមទាំងមានទំនាក់ទំនងល្អជាមួយគ្រប់បណ្តាសិក្ខាកាមនិងមន្ត្រីសម្របសម្រួលវគ្គ ក្រោមបរិយាកាសស្និទ្ធស្នាលនិងភាតរភាពបំផុត វគ្គអប់រំនយោបាយនេះបានពង្រឹងមនសិការរបស់សិក្ខាកាមទាំងអស់ ឲ្យក្លាយជាសេនាធិការដ៏រឹងមាំរបស់គណបក្ស តាមរយៈការលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីបុព្វហេតុចម្បងរបស់គណបក្ស គឺគណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍ក្នុងកម្មពិធីថា ក្រោយបញ្ចប់វគ្គសិក្សាមួយនេះសង្ឃឹមថាសិក្ខាកាមរបស់យើងទាំងអស់នឹងបានទទួលយកនូវអ្វីជាបទពិសោធន៍ ចំណេះដឹង និងអ្វីជាជំនាញដែលគ្រូឧទ្ទិសរបស់យើងបានធ្វើជូនក្នុងវគ្គសិក្សា ហើយសង្ឃឹមទៀតថាចំណុចដែលទទួលបាននាថ្ងៃនេះនឹងយកទៅអនុវត្តអោយបានល្អនៅក្នុងមូលដ្ឋានរបស់ខ្លួន លោកបន្តទៀតថា ការអនុវត្តទាំងអស់នេះគឺត្រូវដោះស្រាយនូវបញ្ហាចំពោះមុខប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យអស់ពីសមទ្ធភាពជូនពួកគាត់ ត្រូវយកចិត្ត យកបេះដូងប្រជាពលរដ្ឋអោយបានថាតើក្នុងឃុំ សង្កាត់របស់គាត់ជួបទុក្ខលំបាកអ្វី ត្រូវការអ្វីខ្លះ កន្លែងណាខ្លះហើយពេលនេះជាពេលដែលត្រូវប្រើកម្លាំងសរុបទៅជួយពួកគាត់ឲ្យអស់ពីសមត្ថភាពរបស់យើង។

ប្រធានគណៈកម្មាធិការបានគូសបញ្ជាក់ថា ការដោះស្រាយនូវបញ្ហាចំពោះមុខទាំងអស់នេះមិនមែនទាល់តែដល់ពេលវេលាជិតបោះឆ្នោតបានចុះជួយពួកគាត់នោះទេ ត្រូចុះជួយគ្រប់ពេលទាំងមុនបោះ និងក្រោយបោះឆ្នោត បន្ថែមពីនេះយើងត្រូវបន្តពង្រឹងការផ្សព្វផ្សាយបក្សនៅតាមមូលដ្ឋាន ថាតើនៅមានចន្លោះខ្វះខាតត្រង់ណាខ្លះ ហើយត្រូវព្យាយាមចុះសួរនាំបងប្អូនប្រជាពលរដ្ឋដែលមានកូនៗធំពេញវ័យគ្រប់អាយុ ត្រូវជម្រុញ ឬធ្វើការតាមរចនាសម្ព័ន្ធឲ្យទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសសកម្មភាពផ្សព្វផ្សាយព័ត៌មានពីដំពណើការបោះឆ្នោតជាដើម។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍ផ្តាំផ្ញើរទៅដល់មន្រ្តីដឹកនាំជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា សូមប្តេជ្ញាបន្តថែរក្សាការពារសន្តិភាពនិងរាល់សមិទ្ធផលស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស ពិសេស បន្តរក្សាការពារ «សារជាតិ ឧត្តមគតិ និងដួងព្រលឹងឲ្យបានគង់វង្ស និងកោតសរសើរលោក លោកស្រីទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គអប់រំនយោបាយ ប្រែក្លាយទៅជាសកម្មភាពជាក់ស្តែងដោយប្រកាន់នូវអត្តចរិត សីលធម៍ល្អប្រពៃរបស់មន្ត្រីគណបក្ស គោរពប្រតិបត្តិលក្ខន្តិកៈគណបក្សឱ្យបានខ្ជាប់ខ្ជួន ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ ខ្ពស់ សំដៅធ្វើឲ្យសេវាការងាររបស់យើងមានភាពរលូន បំរើប្រជាជនបានល្អប្រសើរ ទោះបីការងារ នោះតូចក្តីធំក្តី ព្រោះផ្តើមចេញពីជោគជ័យនៃការសម្រេចបានការងារតូច ធ្វើឱ្យយើងទទួលបាន ជោគជ័យនៃការសម្រេចបានការងារធំៗសំខាន់ៗថែមទៀត៕