(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថា មានកម្លាំងសាមគ្គី និងការចូលរួ មទើបសម្រេចបានជាសមិទ្ធិផល។

លោកបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យការសាងសង់សាលាឆទាន នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូន ដែលបានសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការកសាងសាលាឆទាន ដែលជាកន្លែងសម្រាប់រៀបចំពិធីបុណ្យទាន ឬពិធីផ្សេងៗនៅក្នុងភូមិរបស់បងប្អូន ឲ្យក្លាយជាសមិទ្ធផលមួយ​ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។

ប្រទេសកម្ពុជាបានស្គាល់ពន្លឺសុខសន្តិភាព និងការរីកចម្រើនជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងកម្លាំងតស៊ូដឹកនាំ​ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា មានដូចជាសម្តេច ជា ស៊ីម, សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន រួមនិងឥស្សរជនស្នេហាជាតិជាច្រើនរូបផ្សេងទៀត។ ដូច្នេះយើងត្រូវតែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក ឃឹង នុភាព បានបញ្ជាក់ថា ប្រទេសជាតិមួយមានឱកាសធ្វើការអភិវឌ្ឍពេញលេញបាន លុះត្រាប្រទេសជាតិនោះមានសុខសន្តិភាព។ កត្តាសុខសន្តិភាពនេះហើយ គឺជាកត្តាចម្បងបំផុតក្នុងការមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខសប្បាយ និងមានពេលវេលាក្នុងការប្រកបមុខរបរផ្សេងៗសម្រាប់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

លោក ឃឹង នុភាព ក៏បានអំពាវនាវដល់សប្បុរសជនសូមចូលរួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដើម្បីកសាងសាលាឆទាននេះឲ្យបានរួចរាល់ឆាប់ៗនៅពេលខាងមុខនេះ។ ជាមួយនឹងការជួបសំណេះសំណាល លោកនិងក្រុមការងារបានឧបត្ថម្ភថវិកាចំនួន ១.៣០០ ដុល្លារ និងផ្ដល់ថវិកាសម្រាប់ការហូបចុកផងដែរ។

តាមការបញ្ជាក់ពីលោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ សាលាឆទានចាស់សាងសង់អំពីឈើប្រក់ក្បឿងមានអាយុកាល ៦២ឆ្នាំ ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានសភាពចាស់ទ្រុឌទ្រោមដូច្នេះប្រជាពលរដ្ឋបានសុំច្បាប់អនុញ្ញាតរុះរើ ហើយសាងសង់សាលាឆទានថ្មីធ្វើអំពីស៊ីម៉ង់តិ៍ ដោយរក្សាលក្ខណៈទ្រង់ទ្រាយដើម ដែលមានទំហំ ១៦.៤០ ម៉ែត្រ x ១២.៣០ ម៉ែត្រ ដើម្បីរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចគួយ៕