(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ​បានអនុញ្ញាតឱ្យលោក KARUBE Masakazu ប្រធានអង្គការ Jmas ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់លោកប្រធានថ្មី នៃអង្គការ Jmas ប្រចាំកម្ពុជា។

នាយឧត្តមសេនីយ៍ បានថ្លែងថា ជប៉ុន ជាប្រទេសមួយដែលផ្តល់ជំនួយឥតសំណងច្រើនស្ទើគ្រប់វិស័យក្នុងប្រទេសកម្ពុជា។ ដោយឡែក ក្នុងវិស័យដោះមីន Jmas បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ហើយមកដល់ពេលនេះកម្ពុជា បានប្រកាសខេត្តជាច្រើនគ្មានមីន ដោយនៅសល់ ៤ខេត្តជាប់ព្រំដែនថៃប៉ុណ្ណោះ។ ក្នុងគម្រោង កម្ពុជាគ្មានមីន ឆ្នាំ២០២៥ Jmas ក៏បានចូលរួមក្នុងកិច្ចការនេះ និងបានរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននៅកម្ពុជាផងដែរ។

លោក KARUBE Masakazu បានបង្ហាញចំណាប់រីករាយក្នុងការទទួលបានឱកាសចូលជួបសម្តែងការគួរសមជាមួយអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងបានសិក្សាស្វែងយល់បន្ថែមអំពីកិច្ចការបោសសម្អាតមីនរបស់កងកម្លាំងមួកខៀវកម្ពុជា។

លោកបានលើកឡើងថា បច្ចុប្បន្ន កងទ័ពស្វ័យការពារជប៉ុន និងកងទ័ពកម្ពុជា កាន់តែមានទំនាក់ទំនងជាលក្ខណៈមិត្តភាពកាន់តែស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ។ លោករំពឹងថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរបន្ថែម ជាពិសេសក្នុងកិច្ចការបោសសម្អាតមីន។

នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះ ឆន្ទៈ និងស្មារតី នៃការខិតខំជួយដោយអស់ពីចិត្តពីថ្លើមរបស់ អតីតនាយទាហានជប៉ុន ដែលមក Jmas ក្នុងការងារមនុស្សធម៌ដ៏ពិសេសនៃការបោសសម្អាតមីននៅកម្ពុជា។ នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ជប៉ុន ដែលតែងជួយគាំទ្រកម្ពុជា ដោយសង្ឃឹមថា កម្ពុជា-ជប៉ុន នឹងមានទំនាក់ទំនងកាន់តែល្អប្រសើរ និងរឹងមាំបន្តទៀត៕