(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយក នាយករង លោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យ និងវិទ្យាល័យទួលស្វាយព្រៃ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿង ញៀនក្នុងសង្គម។

ជាមួយគ្នានេះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយពីយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានបិទនូវលិខិតប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែល បានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយអាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូនផងដែរ៕