(ព្រះសីហនុ)៖ គណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើលទ្ធផលការងារថែទាំខួប ផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ៤ ខ្សែ ប្រវែង ១២.២០០ម ទទឹង ៤ម និង ៥ម ស្ថិតនៅ ឃុំជើងគោ ឃុំវាលរេញ ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលការអនុវត្ដដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ។

លោក ទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិក គណៈកម្មការលទ្ធកម្ម ( គ.ល ) តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តាំផ្ញើសួរសុខទុក ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសជាមួយប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ អាជ្ញាធរ ភូមិ ឃុំ ស្រុក។ ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ត្រូវជួយថែរក្សា និងការប្រើប្រាស់ផ្លូវ កុំដឹកលើសទម្ងន់ ដើម្បីការប្រើប្រាស់បានយូរអង្វែង។

ក្នុងឱកាសនៃការប្រគល់បញ្ចប់គម្រោងផ្លូវលំនេះដែរ លោកមេឃុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានកសាងស្ថាបនាផ្លូវលំនេះឡើង ដើម្បីបម្រើឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានភាពងាយស្រួល ខណៈផ្លូវនេះនាពេលកន្លងមក គឺជួបការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការដឹកកសិផលផ្សេងៗ រួមជាមួយនឹងការធ្វើដំណើររបស់សិស្សានុសិស្ស ធ្វើដំណើរទៅសាលាមានការលំបាក។ ក្រោយពីទទួលបានផ្លូវមួយខ្សែនេះ ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលបានគិតគូអំពីសុខទុករបស់ប្រជាពលរដ្ឋពិតប្រាកដ៕