(កំពត)៖ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សាពាក់ព័ន្ធក្រោមឱវាទ និងអ្នកពាក់ព័ន្ធ ជាង ៦០០នាក់ ប្រារព្ធពិធីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤ ដោយដាំដើមត្នោតជាង៤ពាន់ដើម នៅអមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម មានប្រវែង ៣គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។

នាឱកាសនោះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា ក្រោមការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គោលនយោបាយដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវបានអនុវត្ដ យ៉ាងសកម្ម ដោយផ្សារភ្ជាប់ការងារដាំឈើនេះ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិដែលជាទ្រព្យសម្បត្ដិព្រៃឈើរបស់ជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវតាមវិចារណញ្ញាណ។

លោកបានបន្តថា ការដាំកូនឈើ និងដាំកូនត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ដ៏វិសេសវិសាលនាពេលនេះ គឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសដល់យុវជនជំនាន់ក្រោយ ឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត ហើយអ្វីកាន់តែពិសេសសម្រាប់ជាតិខ្មែរ ការដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍​ យ៉ាងពិសេស ហើយដើមត្នោត ក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំកូនត្នោត និងកូនឈើនៅឆ្នាំបន្តបន្ទាប់ នៅគ្រប់ផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន ដើម្បីសម្រាប់លំអសោភ័ណ្ឌភាពនៅតាមផ្លូវទាំងនេះ និងទុកជាប្រវត្តិសាស្រ្ត។

ជាមួយគ្នានេះដែរ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិ ដោយបន្តការរៀបចំ និងពង្រឹងសហគមន៍ព្រៃឈើ បន្តយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សកម្មភាពបំផ្លាញព្រៃឈើ ដូចជា ការកាប់ឈើ និងការកាប់រាន ដុត ឈូសឆាយហ៊ុំព័ទ្ធយកដីព្រៃឈើ ព្រៃភ្នំដែលជាដីសាធារណៈរបស់រដ្ឋឱ្យដូចជាភ្លៀងរលឹម។

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា យោងតាមអនុសាសន៍ណែនាំរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានធ្វើការបណ្តុះគ្រាប់ត្នោត ទុកចែកជូនប្រជាកសិករ ដែលរស់នៅតាមព្រំដែន កម្ពុជា-វៀតណាម ពី៤ ទៅ៥កូនត្នោត ក្នុង១គ្រួសារ ក្នុងគោលបំណងដើម្បីដាំរក្សាទុកជាប្រវតិ្តសាស្រ្ត និងដើម្បីឱ្យកូនចៅជំនាន់ក្រោយ ឱ្យបានស្គាល់ និងទុកជាប្រយោជន៍។

លោកប្រធានមន្ទីរ បានបន្តថា ក្រោយមានការណែនាំ ការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម  ត្រូវបានធ្វើឡើងចំនួន៣លើកក្នុងស្រុកកំពង់ត្រាច ដែលលើកទី១ នៅឆ្នាំ២០២២ ដាំដើមត្នោតចំនួន ៥.០០០ដើម, លើកទី២ នៅឆ្នាំ២០២៣ ដាំដើមត្នោតចំនួន ៧.៥០០ដើម និងលើកទី៣នេះ ដាំដើមត្នោតចំនួន ៤.៥០០ដើម នៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយក្នុងនេះដែរ ក៏មានកូនឈើគ្រញូង បេង នាងនួន ឈើទាល គគីរ សរុបចំនួន ១.០០០ដើម សម្រាប់ចែកចាយជូនអង្គភាពរដ្ឋ សាលារៀន វត្តអារាម និងបងប្អូនប្រជាពលរដ្ឋផងដែរ៕