(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានប្រគេន និងចែក នូវអត្ថបរិក្ខា សម្ភារៈបរិក្ខា មានទឹកក្រូច មី ទឹកដោះគោ កាហ្វេ មីឡូ ត្រីខ ទឹកបរិសុទ្ធ និងត្រៃចីវរ ១លាង ព្រមទាំងបច្ច័យមួយចំនួន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន ២៤០ អង្គ សីលវន្ត សីលវតីចំនួន ៥៥នាក់។

បន្ទាប់ពីចាត់ចែងសម្រាប់ព្រះសង្ឃក្នុងវត្តហើយ សម្តេចតែងតែរៀបចំបម្រុងទុកនូវទេយ្យទានទាំងឡាយជូនដល់ចាស់ជរា ព្រមទាំងប្រជាពលរដ្ឋខ្វះខាតនៅក្នុងមូលដ្ឋាន ដែលជាការរួមចំណែកក្នុងកិច្ចសង្គមជាមួយអាជ្ញាធរមូលដ្ឋាន។

សូមជម្រាបថា ពិធីបុណ្យចូលព្រះវស្សា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ ពុទ្ធបរិស័ទចំណុះជើងវត្ត នាំគ្នាដង្ហែទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ដង្ហែជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា ព្រមទាំងសម្ភារប្រគេនព្រះសង្ឃ។ ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រ។

បន្ទាប់មកព្រះចៅអធិការវត្តនីមួយៗ តែងរៀបចំចាត់ចែងបែងចែកនូវទេយ្យទានទាំងឡាយដែលទទួលបានពីពុទ្ធបរិស័ទ ដល់ភិក្ខុ សាមណេរដែលគង់ចាំព្រះវស្សា ព្រមទាំសីលវន្ត សីលវតីតាមបណ្តាលវត្តអារាមនីមួយៗ៕