(ភ្នំពេញ)៖ កាន់តែពិសេសហើយឥឡូវនេះ ដោយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចប្រើប្រាស់ CoolApp តាមរយៈលេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីតាមដាននិងទំនាក់ទំនងព័ត៌មានឱកាសការងារថ្មីៗ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសគឺក្នុងវេទិកាការងារ និងកម្មសិក្សាការងារ។

សូមជម្រាបថា ក្រុមហ៊ុនធំៗចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១៤៥០កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រុមហ៊ុនធំៗទាំង១៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន ស្មាត អាស្យាតា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, អង្គការប្រព័ន្ធទិន្នន័យ (DDD), ក្រុមហ៊ុន NAGA WORLD, ម៉ាស្ទ័រ ស៊ុគីស៊ុប, ធនាគារស្ថាបនា, មីក្រូហិរញ្ញវត្ថុមហានគរ, ធនាគារអ៊ូរី, ក្រុមហ៊ុន ONE POINT CAREER LAB CO LTD, ក្រុមហ៊ុន EFG, ក្រុមហ៊ុន FORWARD CAM INTERNATIONAL, ក្រុមហ៊ុន ម៉េងលី ជេ គួច អេដ្យូខេសិន, ក្រុមហ៊ុន CHAILEASE ROYAL COMPANY, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ូគីស៊ុប, ក្រុមហ៊ុន WATTANAC BREWERY, ក្រុមហ៊ុន MANULIFE និងក្រុមហ៊ុន TRUMP FITNES។

កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានដូចជាទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម។ កញ្ញា សុខឡេង បានឱ្យដឹងទៀតថា សម្រាប់វេទិកាការងារនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចខាងមុខនេះ MEKONGNET កំពុងត្រូវការជ្រើសរើសបុគ្គលិកប្រមាណ១០០នាក់ ក្នុងមុខតំណែងជាច្រើនផងដែរ។

កញ្ញា សុខឡេង ចាត់ទុកព្រឹត្តិការណ៍ការងាររបស់ NEA គឺជាយន្តការដ៏សំខាន់ និងមានសារប្រយោជន៍ដល់វិស័យឯកជន ដោយសារបានជួយដល់ក្រុមហ៊ុនក្នុងការស្វែងរកបុគ្គលិកប្រកបដោយសក្តានុពល និងឆាប់រហ័សផងដែរ។ កញ្ញាបញ្ជាក់បន្ថែមថា ជារួមការសហការជាមួយនឹង NEA គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនរបស់យើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយអ្នកតំណាងក្រុមហ៊ុនទាំង១៧ នោះបានចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចទំនាក់ទំនងមក NEA តាមរយៈបណ្ដាញសង្គមឆាត CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ យ៉ាងងាយស្រួលដើម្បីដឹងព័ត៌មានបន្ថែមជុំវិញឱកាសការងារនេះ ក៏ដូចជាតាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេឡេក្រាមលេខ ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕