(កំពង់ធំ)៖ អនុវត្តតាមការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលស្រុកតាំងគោក នៃខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងស្រុកតាំងគោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋាន «គម្រោងព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩៖០៩នាទីព្រឹក ដែលជាស្នាដៃជាប្រវត្តិសាស្ត្រធំធេងសម្រាប់ប្រជាជាតិកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះឱ្យបានគ្រប់គ្នា តាមរយៈការវាយស្គរ គង ជួង ប៉ោត ឬវាយអ្វីមួយដែលបង្កើតបានសំឡេង។

ក្រោយទទួលបានការណែនាំពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានណែនាំចំពោះកិច្ចការដ៏សំខាន់នេះរួចមក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការីបានចុះផ្សព្វផ្សាយដល់អង្គភាពសាធារណៈ វត្តអារាមនានា ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកតាំងគោក រួមសហការគ្នារៀបចំទីធ្លា សម្ភារឧបករណ៍ សម្រាប់ការអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ធ្វើយ៉ាងឱ្យបានស្រេចបាច់មុនថ្ងៃបើកការដ្ឋានមកដល់។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត មន្ត្រីរាជការចំណុះឱ្យរដ្ឋបាលស្រុក ក៏ដូចជាព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងស្រុកតាំងគោក សុទ្ធតែបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រនេះ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យគម្រោងនេះលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកអភិបាលស្រុកបានឱ្យដឹងថា ក្នុងចំណោមវត្តអារាមទាំងឡាយក្នុងស្រុកតាំងគោក គឺមានវត្តអារាមចំនួន២វត្ត ដែលនឹងត្រូវរៀបចំកម្មវិធីធំក្នុងការអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ គឺមានវត្តគុហនគរ ស្ថិតនៅឃុំពង្រ និងវត្តក្ដីតាចិន ស្ថិតនៅឃុំទ្រៀល។ ក្រៅពីនេះ នៅសាលាស្រុកតាំងគោក ក៏នឹងរៀបចំកម្មវិធីធំដំដូចនៅតាមវត្តអារាមទាំង២នេះដែរ។

ព្រះតេជោគុណ តន់ ពិសី ព្រះចៅអធិការវត្តគុហនគរ មានថេរដីកាថា នៅវេលាម៉ោង៩៖០៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនោះ ព្រះសង្ឃនៃវត្តគុហនគរនឹងជួបជុំជាមួយពុទ្ធបរិស័ទ យុវជន សិស្សានុសិស្ស ប្រារព្ធពិធីអបអរសាទរការបើកការដ្ឋាន «គម្រោងព្រែកជីកហ្វូណនតេជោ» ដោយមានការវាយស្គរ វាយរគាំង បំផុសចលនាគាំទ្រគម្រោងព្រែកជីកនេះទាំងអស់គ្នា។

ព្រះតេជោគុណ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្ដីតាចិន មានថេរដីកាដែរថា មកដល់ពេលនេះ ស្គរ រគាំង ទង់ជាតិ ទង់សាសនា ត្រូវបានរៀបចំតុបតាំងស្ទើរតែរួចរាល់ហើយ ដើម្បីចូលរួមជាមួយពុទ្ធបរិស័ទ យុវជន សិស្សានុសិស្ស ប្រារព្ធពិធីអបអរសាទរការបើកការដ្ឋាន «គម្រោងព្រែកជីកហ្វូណនតេជោ» នេះ។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏ដូចជាព្រះចៅអធិការវត្តទាំង២ខាងលើ គណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទទាំងឡាយ បានបង្ហាញក្ដីរំពឹងទុកថា ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕