(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរាជរដ្ឋាភិបាល តាមប្រមូលឱ្យអស់ ជនដែលបំភ្លៃលើកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ។ សម្រាប់អ្នកនៅក្រៅប្រទេស ត្រូវចងក្រងប្រវត្តិគ្រួសារ ដែលនៅក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺមានតែសេដ្ឋកិច្ច និងសង្គម ជាពិសេសកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ហើយសម្តេចចាត់ទុកការមូលបង្កាច់លើកិច្ចសហប្រតិបត្តិការនេះ ដោយថាជាសហព័ន្ធឥណ្ឌូចិនជាដើម ជាទង្វើឆ្កួតពេកហើយ។

ក្នុងឱកាស ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវ រាជរដ្ឋាភិបាល តាមស្រាវជ្រាវប្រមូលឲ្យអស់នូវក្រុមទាំងឡាយណា ដែលបង្កើតរឿងនេះ ហើយដែលស្ថិតនៅក្នុងប្រទេស និងចងក្រងសំណុំរឿងទាំងឡាយនូវអ្នកដែលបញ្ចេញពីក្រៅប្រទេស ហើយត្រូវសិក្សាពីប្រវត្តិគ្រួសារនៅកន្លែងណា ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង»។

ការបំភ្លឺរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន បានផ្សព្វផ្សាយបំភ្លៃ ក្នុងន័យថា កម្ពុជាបានកាត់ខេត្តចំនួន៤ រួមបញ្ចូលជាដែនដីជាមួយវៀតណាម។ សម្តេចតេជោ បានចាត់ទុកថាការបំភ្លៃរបស់ក្រុមប្រឆាំង ដែលមានសេណារីយ៉ូពីក្រៅប្រទេសអំពីសភាពការណ៍នេះ នឹងជំរុញឱ្យសមាជិករបស់ខ្លួន ដែលអនុវត្តផែនការបំភ្លៃនេះប្រឈមចំពោះមុខច្បាប់ ខណៈមនុស្ស៣នាក់ ត្រូវបានចាប់ខ្លួនរួចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើមិត្តភក្តិបរទេសយោគយល់ កម្ពុជាមិនអនុញ្ញាតឱ្យកម្ពុជាកើតចលាចលនោះឡើយ។ ប្រទេសដទៃអាចអនុវត្តច្បាប់បាន កម្ពុជាក៏អាចអនុវត្តន៍ច្បាប់បានដូចគ្នាដែរ។

សម្តេចតេជោ បានបញ្ជាក់ថា «សូមបរទេសទាំងឡាយ ដកដៃចេញ... ។ សិទ្ធិមនុស្សខ្ញុំគោរព ប៉ុន្តែការធ្វើខុសអ្វីមួយ ប្រទេសពួកអ្នកឯងក៏មិនអត់ឱនដែរ។ មិនអាចបង្កើតរឿងបែបនេះ ឲ្យទៅជារឿងញុះញង់ បង្កចលាចលទេ ត្រូវតែម៉ឺងម៉ាត់ ត្រូវតែហ្មត់ចត់ ហើយខ្ញុំអំពាវនាវដល់រាជរដ្ឋាភិបាល កុំមើលស្រាល នូវអ្វីដែលគេបំផុស»

កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍នៃខេត្តជាប់ព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV ជាកិច្ចសហប្រតិបត្តិការមួយផ្តោតលើកិច្ចអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរវាងខេត្តមានព្រំដែនជាប់គ្នា រវាងកម្ពុជា ឡាវ និងវៀតណាម។ ចុងឆ្នាំ២០២៤នេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល CLV ។

CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។

តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕