(ភ្នំពេញ)៖ គ្រឿងញៀនជាង២គីឡូក្រាម ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋានរាជធានីភ្នំពេញ សហការបង្ក្រាបបានស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការបង្ក្រាបធ្វើឡើងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទី ដែលដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន (តាមរយៈកញ្ចប់បញ្ញើ) ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាង រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៩៨៤ក្រាម និងប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់ ១,០៣៨ក្រាម សរុបទាំងអស់ចំនួន ២,០២២ក្រាម។ ចំណែកជនល្មើសបានរត់គេចខ្លួនបាត់ ប៉ុន្តែយ៉ាងណា សមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវតាមចាប់មុខសញ្ញាជនល្មើសដែលជាម្ចាស់គ្រឿងញៀន និងមេក្លោងពាក់ព័ន្ធ។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្តនិងខិតខំចុះបង្ក្រាបគ្រឿងញៀនតាមបណ្ដារាជធានី-ខេត្ដយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបានបទល្មើសគ្រឿងធំៗជាបន្តបន្ទាប់ ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់រយគីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕