(ភ្នំពេញ)៖ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានសហការជាមួយដៃគូររបស់ខ្លួនរួមមានទូរទស្សន៍បារាំង TV5MONDE និងប្រព័ន្ធផ្សព្វផ្សាយពិភពលោក France Médias Monde (RFI, France 24, Monte Carlo Doualiya) រៀបចំការប្រកួតជាលក្ខណៈអន្តរជាតិលើកទី៤ ក្រោមប្រធានបទ៖ «៦០នាទីដើម្បីបញ្ចុះបញ្ចូល»

ការប្រកួតនេះបើកទូលាយដល់និស្សិតមកពីគ្រប់គ្រឹះស្ថានឧត្តមសិក្សាជាសមាជិករបស់ AUF ទាំងអស់ក្នុងគោលបំណងបង្ហាញនូវការបង្កើតថ្មី សមត្ថភាពច្នៃប្រឌិត និងនវានុវត្តភាពរបស់និស្សិត។ ការប្រកួតនេះស្ថិតក្នុងក្របខ័ណ្ឌនៃការប្រឹងប្រែងជាបន្តបន្ទាប់របស់ AUF ដើម្បីលើកកម្ពស់ការអភិវឌ្ឍវប្បធម៌នៃសហគ្រិនភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំងឡាយរបស់ខ្លួន។

ការប្រកួត «៦០វិនាទីដើម្បីបញ្ចុះបញ្ចូល» សូមអញ្ជើញនិស្សិតទាំងអស់មកពី ១០០០សាកលវិទ្យាល័យ និងគ្រឹះស្ថានជាសមាជិក AUF ទូទាំងពិភពលោកដើម្បីបង្ហាញគំរោងសហគ្រិនភាពរបស់ខ្លួនតាមរយៈវីដេអូក្នុងរយៈពេល៦០វិនាទី។

ការប្រកួតប្រជែងលើកទី៤នេះទទួលបេក្ខភាពពីថ្ងៃទី១៥ខែកក្កដាដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២អាធ្រាត (ម៉ោងនៅទីក្រុងប៉ារីស)។ លក្ខ័ណ្ឌនៃការចូលរួមនឹងការដាក់បេក្ខភាព មាននៅលើគេហទំព័ររបស់ AUF។

រង្វាន់សំខាន់ចំនួន៤ បន្ទាប់ពីឆ្លងកាត់វគ្គសំរាំងជ្រើសរើសបេក្ខជន១០នាក់ (ម្នាក់តំណាង១ តំបន់របស់ AUF) នឹងត្រូវជ្រើសរើស។ ជ័យលាភីចំនួនបីរូបនឹងទទួលរង្វាន់រហូតដល់ ១៥០០អ៊ឺរ៉ូ ក្នុងចំណោមអ្នកឆ្នើមដែលវាយតម្លៃដោយគណៈកម្មការដែលមានសមាសភាពតំណាងមកពីស្ថាប័នសាកលវិទ្យាល័យសមាជិករបស់ AUF តំណាងសហគ្រិន និងតំណាងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជាដៃគូរ។

ចំណែកអ្នកលេងបណ្តាញសង្គម-អ៉ីនធឺណែតក៏នឹងត្រូវអញ្ជើញឱ្យចូលបោះឆ្នោតជ្រើសរើសវីដេអូដែលបញ្ចុះបញ្ចូល និងមានហេតុផលល្អជាងគេដើម្បីផ្តល់នូវរង្វាន់សាធារណៈ។ ជ័យលាភីទាំង៤រូបនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០២១មក ការប្រកួតប្រជែងនេះបានទាក់ទាញបេក្ខជនជាង៣០០នាក់ ជារៀងរាល់ឆ្នាំមកពីគ្រប់ទិសទីនៃពិភពលោក ជាមួយនិងគំរោងជាច្រើនផ្តោតលើប្រព័ន្ធឌីជីថល បរិស្ថាន សុខាភិបាល អប់រំ វប្បធម៌ កសិកម្ម និងពាណិជ្ជកម្មតាមអនឡាញ (e-commerce )។

ឆ្នាំមុន គឺក្រុម Fredline SAINT ÉLUS និស្សិតមកពីមជ្ឈមណ្ឌលបច្ចេកទេសផែនការណ៍ និងសេដ្ឋកិច្ចនៃប្រទេសហៃទី ទទួលបានជ័យលាភីលេខ១ សម្រាប់គំរោងរបស់ខ្លួនទាក់ទងនឹងសម្លៀកបំពាក់ការពារសុខុមាលភាពរបស់ស្ត្រីពេលមករដូវ។

ការប្រកួតថ្មីនេះស្ថិតក្នុងទិសស្លោកថា Festival de la Francophonie ដែលជាទិសស្លោកស្នើឡើងដោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។ ទិសស្លោកនេះផ្តោតជាចម្បងលើការរៀបចំព្រឹត្តិការណ៏ទាំងឡាយដែលបង្ហាញនូវសក្ខីភាពដ៏សម្បូរបែបនៃការបង្កើតថ្មីជាភាសាបារាំង។

AUF បង្កើតឡើងនៅឆ្នាំ១៩៦១ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF )បានក្លាយជាបណ្តាញសាកលវិទ្យាល័យទី១ នៅលើពិភពលោក ជាមួយនិងសមាជិកជាង១០០០គ្រឹះស្ថាន៖ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលធំៗ និងមជ្ឈមណ្ឌលស្រាវជ្រាវដែលមានវត្តមាននៅក្នុងប្រមាណជិត១២០ប្រទេស។ ជាតំណាងឱ្យទេពកោសល្យហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រនៅជុំវិញពិភពលោក AUFជាអង្គការអន្តរជាតិមិនរកប្រាក់កម្រៃ។ អង្គការនេះប្រតិបត្តិដើម្បីការអភិវឌ្ឍដ៏ប្រសើរនៃប្រព័ន្ធអប់រំនិងសាកលវិទ្យាល័យ ៖ គិតគូរជាសាកលអំពីហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ និងប្រតិបត្តិជាលក្ខណៈតំបន់ដោយគោរពតាមភាពសម្បូរបែបខុសៗគ្នា៕