(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសរួមគ្នារវាងកម្ពុជា-ជប៉ុន ស្តីពី វិស័យប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់ ដោយមានអ្នកចូលរួមប្រមាណ ៩០រូប។

សិក្ខាសាលានេះបានធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីខាងភាគីជប៉ុន លោក MASUBARA Hidenori ជំនួយការអនុរដ្ឋមន្ត្រី និងជាលេខាផ្ទាល់លោករដ្ឋមន្ត្រីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេសជប៉ុន លោក KURBAYASHI Takanori ជាលេខាទី១ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កញ្ញា MIURA Yoshiko តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា បណ្តាក្រុមហ៊ុនជប៉ុនពាក់ព័ន្ធ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអនុរដ្ឋលេខាធិការទទួលបន្ទុក មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ព្រមទាំងមន្ត្រីរាជការមកពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ផងដែរ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ការអនុវត្តកិច្ចការងារអំពីវិស័យប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់ រវាងប្រទេសទាំងពីរ ដើម្បីធ្វើឱ្យមានភាពកាន់តែប្រសើរឡើង និងសម្រេច​ឱ្យបាននូវការគ្រប់គ្រងបច្ចេកទេសកិច្ចការងារខាងប្រព័ន្ធលូទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការលើកកម្ពស់ការពារបរិស្ថានទឹកនៅតាមតំបន់ទីប្រជុំជននានា ដែលត្រូវពង្រឹង​សមត្ថភាព​ចំពោះការគ្រប់គ្រងថែទាំបណ្តាញលូមានស្រាប់ឱ្យបានត្រឹមត្រូវ និងពង្រឹងសមត្ថភាពផ្នែកទន់ ដោយត្រូវរៀបរៀងផែនទីគោល ទិសដៅសកម្មភាពការងារដែលត្រូវអនុវត្តបន្ត ដើម្បីផ្តល់ភាពងាយស្រួលតាមដាន ការហ្វឹកហាត់វិធានការឆ្លើយតបបានទាន់ពេលផងដែរ៕