(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា មានបណ្តាញទំនាក់ទំនងសង្គម TikTok ប្រមាណ ១០លានគណនី និងបណ្តាញទំនាក់ទំនងសង្គម Facebook មានប្រមាណ ១៣លានគណនី ហើយការកើនឡើងយ៉ាងកំហុគនៃបណ្តាញប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលគ្មានវិជ្ជាជីវៈ កំពុងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ នេះតាម លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ព័ត៌មានក្លែងបន្លំ និងព័ត៌មានបែបបំភ័ន្ត គឺបង្កើតឡើងនៅក្នុងទិសដៅមួយដើម្បីផលប្រយោជន៍អ្វីមួយ ឬក៏ដើម្បីរបៀបវារៈអ្វីមួយ។ ហើយគោលគំនិតបង្កើតព័ត៌មានក្លែងក្លាយ មានគោលគំនិតចំនួន៣រួមមានទី១៖ ដើម្បីបង្កចលលាចល បង្កើតឱ្យមានការយល់ច្រឡំ, ទី២៖ បង្កាច់បង្ខួចកេរ្តិ៍ឈ្មោះ បុគ្គល និងទី៣៖ គឺធ្វើឡើងក្នុងគោលបំណងពាណិជ្ជកម្ម។ អ្នកព័ត៌មានមួយចំនួន ក៏បានបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីទាក់ទាញអ្នកមើលឱ្យបានច្រើនសម្រាប់ផលប្រយោជន៍ផ្ទាល់ជាដើម។

លោករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ននេះ និន្នាការនៃការកើនឡើងតាមរយៈការផ្លាស់ប្តូរពីរូបភាពពីប្រព័ន្ធផ្សព្វផ្សាយបុរាណមកប្រព័ន្ធផ្សព្វផ្សាយទំនើបនេះ កើតចេញពីប្រព័ន្ធផ្សព្វផ្សាយបុរាណអ្នកកំណត់ខ្លឹមសារឱ្យសាធារណជនស្តាប់ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី គឺប្រជាពលរដ្ឋមិនមានជម្រើសអ្វីក្រៅពីទទួលយកព័ត៌មាន ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ មានជម្រើសពីរ ឬជម្រើសច្រើន។

ចំណុចនេះ លោករដ្ឋមន្ត្រី សូមលើកយកពីរចំណុចគឺ ប្រសិនបើជាវិទ្យុ ទូរទស្សន៍ កាសែត អត់មានខ្លឹមសារមើលទេ នោះប្រជាពលរដ្ឋ ត្រូវតម្រង់ទិសទៅរកបណ្តាញទំនាក់ទំនងសង្គមមាន Facebook ,TikTok។ «ខណៈបច្ចុប្បន្ននេះ បណ្តាញសង្គម Tiktok មានប្រមាណជាង ១០លាន គណនី នៅកម្ពុជា។ ចំណែក Facebook មានប្រមាណ ១៣លានគណនី»

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ គណនី TikTok និង Facebook ១គណនី ស្មើនឹងអង្គភាពសារព័ត៌មាន មួយអង្គភាពដែរ ហើយជួនកាលអង្គភាពព័ត៌មានមួយ មិនស្មើនឹងគណនី Facebook ១គណនី ដែលមានប្រជាប្រិយភាព ជាដើម។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងទៀតថា៖ «អីចឹងជម្រើស និងសេរីភាពរបស់ប្រជាពលរដ្ឋ នៅក្នុងការទទួលព័ត៌មាន គឺមានច្រើនជម្រើស ហើយបញ្ហានេះហើយដែលជាចំណុចមួយដែលយើងឃើញថាការកើនឡើងយ៉ាងកំហុគនៃបណ្តាញប្រព័ន្ធផ្សព្វផ្សាយនេះ គឺវាបានធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិទទួលបានព័ត៌មាន របស់ប្រជាពលរដ្ឋ គឺផ្តោតទៅលើការទទួលព័ត៌មានដែលត្រឹមត្រូវ ពិតប្រាកដ មានប្រភពច្បាស់លាស់ហើយជាព័ត៌មាន ដែលមិនមែនជាប្រភេទព័ត៌មានក្លែងក្លាយ»

លោកបានគូសបញ្ជាក់ថា ចំពោះបញ្ហាទទួលបានព័ត៌មានក្លែងក្លាយនេះ គឺមិនមែនតែកម្ពុជានោះ ប៉ុន្តែ បណ្តាប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែបានជួបប្រទះទាំងអស់។ បន្ថែមសម្រាប់ការទទួលបានដំណឹងក្លែងក្លាយ និងព័ត៌មានក្លែងក្លាយ វាមិនមែនទើបនឹងកើតឡើងនៅក្នុងបរិបទរីកចម្រើនផ្នែកបច្ចេកវិទ្យានេះទេ គឺមានតាំងពីយូរណាស់មកហើយ។

បន្ថែមពីលើការកើនឡើងនូវបណ្តាញផ្សព្វផ្សាយនេះ, លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ភាពសម្បូរបែបនេះនៃបណ្តាញផ្សព្វផ្សាយ គឺជាការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ទៅលើមធ្យោបាយនៃការផ្តល់ព័ត៌មាន ក៏ប៉ុន្តែអ្វីដែលត្រូវគិតគឺពាក់ព័ន្ធជាមួយគុណភាព និងសុវត្ថិភាពព័ត៌មាន ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ។ ដូច្នេះ ក្នុងនាមជាប្រតិបត្តិករផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ និងជាប្រតិបត្តិករនាំព័ត៌មានពីរដ្ឋាភិបាល ទៅមូលដ្ឋាន និងនាំពីមូលដ្ឋានមកឱ្យរដ្ឋាភិបាលមានភាពចាំបាច់ដែលត្រូវធានាព័ត៌មាន ដែលយើងផ្តល់ទៅឱ្យប្រជាពលរដ្ឋ និងនាំពីប្រជាពលរដ្ឋមកវិញមិនមែនជាព័ត៌មានមិនពិត មិនមែនជាព័ត៌មានក្លែងក្លាយ ក៏ប៉ុន្តែ ជាព័ត៌មានដែលមានគុណភាព ឈរលើមូលដ្ឋានការពិត មិនលម្អៀង និងជាព័ត៌មានមានសុវត្ថិភាពជាដើម៕