(ភ្នំពេញ)៖ នៅក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ផ្ទុយគ្នាស្រឡះពីកិច្ចព្រមព្រៀងរវាងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមួយកុក ស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសូមជម្រាបជូនថា កិច្ចព្រមព្រៀងនេះវាខុសពីកិច្ចព្រមព្រៀងដែលមេក្បត់ជាតិចុះហត្ថលេខាជាមួយកុក ស អ្នកខ្លះទាមទារនូវភស្តុតាង​ ឥលូវខ្ញុំយល់ថា​មិនមានការចាំបាច់ដើម្បីនឹងយកឯកសារទៅបញ្ជាក់នោះទេ សូមមើលរូបភាពនៅពេលដែលគេចុះហត្ថលេខា គេបកស្រាយថាអានឹងគេគោរពសិទ្ធជនជាតិដើម, ខុសហើយកម្ពុជាគ្មានជនជាតិដើមជាដេហ្គា និងម៉ុងតាញ៉ានោះទេ ហើយក៏គ្មានមេដឹកនាំកុកសនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាមានតែជនជាតិនៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ក្នុងនោះមានជនជាតិ ក្រឹង កួយ និងផ្សេងទៀត ហើយក៏គ្មានការចាំបាច់ដើម្បីនឹងឱ្យប្រទេសកម្ពុជា ចុះហត្ថលេខាជាមួយនឹងខេត្តដែលមានជនជាតិដើមភាគតិចនេះនោះទេ វាមិនមានការចាំបាច់សោះបើសិនជាក្នុងក្របខណ្ឌប្រទេសជាតិរបស់ខ្លួនឯង។

នាឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកឱ្យប្រជាពលរដ្ឋរង់ចាំមើលលើទូរទស្សន៍ នៅពេលចាក់បញ្ជាំងពីការចុះហត្ថលេខារបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមួយនឹងកុក ស តើហេតុអ្វីបានជាកុកស មានទង់ជាតិមួយ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី មានទង់ជាតិមួយ និងមានទង់ជាតិអាមេរិកកាំងនៅចំកណ្តាល។ សម្តេចបញ្ជាក់ថា តែប៉ុននេះគឺគ្រប់គ្រាន់ដើម្បីនឹងពន្យល់ពីភស្តុតាងក្បត់ជាតិរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានកាត់ទឹកដីឱ្យទៅគេហើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា តាមរយៈរូបភាពនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទណ្ឌិតក្បត់ជាតិរូបនេះ មិនទាន់នឹងបានកាន់អំណាចផង តែបែរជាហ៊ានដល់កម្រិត​នៃការផ្តល់សិទ្ធអំណាច ឱ្យជនបរទេសមកធ្វើសកម្មភាពលើទឹកដីកម្ពុជា ៤ខេត្ត មានដូចជា៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង នឹងក្រចេះទៅហើយ សូមប្រជាពលរដ្ឋមើលពីក្រោយខ្នងនៃការចុះហត្ថលេខារវាងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមួយកុក ស។

ទាក់ទងរឿងទង់ជាតិនេះដែរក្នុងពេលដែលប្រធានាធិបតីវៀតណាម មកធ្វើទស្សនកិច្ចនៅកម្ពុជា គឺមានការថតយកតែរូបភាពទង់ជាតិវៀតណាម, ករណីនេះសម្តេចតេជោ ហ៊ុន សែន បានប​ញ្ជាក់ឱ្យដឹងដែរថា «ខ្ញុំព្រះករុណាខ្ញុំទៅកាន់ប្រទេសណាក៏ដោយ ទង់ជាតិនៅទីកន្លែងដែលខ្ញុំទៅដល់តែងតែមានទង់ជាតិកម្ពុជាជានិច្ច មើលរូបភាពដែលខ្ញុំបានទៅ ចិន ទៅជប៉ុន ទៅដល់ណាគឺមានទង់ជាតិកម្ពុជាទៅដល់នឹង ករណីដូចគ្នានេះនៅពេលប្រទេសនានាមកកាន់កម្ពុជាវិញ ក៏ត្រូវមានទង់ជាតិរបស់គេអមជាមួយទង់ជាតិរបស់យើងវិញ បើថាមាន ៣ប្រទេស ត្រូវមានទង់ជាតិ៣ បើថា ២ប្រទេសត្រូវមានទង់ជាតិ២ រហូតទៅដល់មានរូបថតដូចជា គេមកកម្ពុជាមានរូបថតប្រមុខរដ្ឋរបស់គេ ជាមួយព្រះឆាយាល័ក្ខរបស់ព្រះមហាក្សត្រយើង»។

សម្តេចតេជោ ហ៊ុន សែន ក៏បានប​ញ្ជាក់ទៀតថា ករណីថតរូបតែទង់ជាតិវៀតណាមនេះ តើគ្រាន់តែបង្ករហេតុញុះញ៉ង់ឱ្យមានចលាចលឫទេ? បើដូចនេះយើងក៏មិនខ្លាចជាមួយនឹងការឆ្លើយតប ដើម្បីកុំឱ្យមានចលាចលកើតមានក្នុងប្រទេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតដែរថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច និងក្នុងឋានជាប្រធានព្រឹទ្ធសភា ទោះបីជាមិនមានសិទ្ធចេញបញ្ជារ ក៏សម្តេចនៅតែមានឥទ្ធិពល ជាមួយនឹងកិច្ចការទាំងឡាយក្នុងប្រទេស និងក្រៅប្រទេស ហើយដរាបណាសម្តេចនៅមានជីវិត នឹងមិនអនុញ្ញាតឱ្យមានអំពើបោះបោរណាមួយកើតមាននៅកម្ពុជាជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កន្លងមកនេះនៅក្នុងប្រទេសកម្ពុជាយើងនេះមានមនុស្សអាក្រក់ បានធ្វើកម្មភាពក្បត់ប្រទេស ក្បត់ផលប្រយោជន៍ជាតិសាសន៍ខ្លួនឯង តែបានទៅជ្រកក្រោមផ្លាកអង្គការក្រៅរដ្ឋាភិបាល ទៅជ្រកក្រោមផ្លាកបក្សនយោបាយ ទៅជ្រកក្រោយផ្លាកអ្នកសារព័ត៌មាន ដល់ពេលគេកាត់ទោស ថាកាត់ទោសអ្នកសារព័ត៌មាន ថាកាត់ទោសសង្គមស៊ីវិលជាដើម ហើយនៅពេលនេះក៏កំពុងតែចាប់បានជាបន្តបន្ទាប់ទៀតផងដែរ៕