(ឡាវ)៖ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសដែលលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ជំនួបនេះបានផ្តោតលើសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការកសាងសហគមន៍អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាន។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្តល់ឱកាសដើម្បីពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយដែលកាន់តែមានភាពតភ្ជាប់ និងភាពធន់ជាងមុនសម្រាប់វិបុលភាពរួម៕