(កំពង់ឆ្នាំង)៖ លោកបណ្ឌិតបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តមន្រ្តី ឱ្យចូលរួមតាមដាន និងបន្តអនុវត្តការងារការពារវិស័យបរិស្ថាននៅតាម ទីតាំងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ តាមរយៈវិធានការទាំង៤ចម្បងៗដែលក្រសួងបានដាក់ចេញ តាមការចង្អុលណែនាំ និងបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកបណ្ឌិត អ៊ាង សុផល្លែត បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។

ការជួបសំណេះសំណាលរបស់លោករដ្ឋមន្រ្តីនេះ គឺដើម្បីរួមចំណែក និងដោះស្រាយនូវបញ្ហាលំបាកនានារបស់មន្រ្តីរាជការក្រោមឱវាទ និងជាក្រុមគ្រួសារបរិស្ថាន ដែលមានយុទ្ធសាស្រ្តតែមួយ គោលដៅតែមួយ ដើម្បីអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើសសរស្តមបី គឺស្អាត បៃតង និងចីរភាព និងសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីបន្តពង្រឹងសមត្ថភាព ធ្វើអ្ឱ្យច្បាស់ ឱ្យល្អ មានគុណភាព ភាពរឹងមាំ និងត្រូវចូលរួមធ្វើការប្តជ្ញាចិត្ត អនុវត្តនូវការងារទទួលបានជោគជ័យ ពិសេសត្រូវចូលរួមរួមផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្ត ឱ្យមានស្មារតីនៃអ្នកបរិស្ថាន ជំរុញឱ្យភាពស្អាតក្លាយជាចលនា កាត់បន្ថយប្លាស្ទិកបន្តិចម្តងៗឱ្យអស់នៅក្នុងពេលខាងមុខ និងជំរុញការបណ្តុះនិងចែកកូនឈើ តាមរយៈយុទ្ធនាការ «ពន្លកបៃតង»

លោករដ្ឋមន្រ្តីបរិស្ថាន ក៏បានជំរុញបន្ថែមទៅដល់មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នាបណ្តុះកូនត្នោតដែលជារុក្ខជាតិខ្មែរ សំរាប់យកទៅធ្វើការដាំដុះ នៅតាមតំបន់សំខាន់ៗ អាចបង្កើតជាំសក្តានុពលរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនតចំណូលចូលសហគមន៍ផងដែរ៕