(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្អែក ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ និងបានផ្ញើមកសូមការពិនិត្យនិងអនុម័ត ពីរដ្ឋសភា។

រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីធានា ជំរុញទាក់ទាញវិនិយោគនិងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទំាងការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសនិងសហគ្រាសដឹកជញ្ជួនអន្តរជាតិតាមផ្លូវអាកាស ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជួនអន្តរជាតិតាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា៕