(កណ្ដាល)៖ ចៅក្រមស៊ើបសួរលោក សោ សុតា និងលោក ខា ដែនណា តំណាងអយ្យការបានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនជាតិចិន២នាក់ដាក់ពន្ធនាគារក្រោយចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនចំនួនជាង ២០០គីឡូក្រាម ដោយចោទប្រកាន់តាមបញ្ញត្តមាត្រា៤៨ ច្បាប់ស្ដីពីគ្រឿងញៀន។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ។

សូមបញ្ជាក់ដែរថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនជាតិចិន២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាមនៅភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖២០នាទី កម្លាំងជំនាញដឹកនាំ និងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញ បន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបតិការនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើសចំនួន ០២នាក់រួមមាន៖ ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ និងឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ និងចាប់យកសារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០ ៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម)។ ចំណែកសម្ភារដែលចាប់យកបានផ្សេងទៀតរួមមាន៖ រថយន្តចំនួន ០២គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយ​ទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើសផងដែរ៕