(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ កាន់តែមាន ភាព ល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា បានឱ្យដឹងថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាការប្តេជ្ញាចិត្តរដ្ឋបាលខេត្តប៉ៃលិន និងប្រៃសនីយ៍កម្ពុជា ក្នុងការចូលរួមអនុវត្ត គោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសចូលរួមដោះស្រាយបាននូវបញ្ហា ដែល កំពុងជួបប្រទះ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាននានា និងផ្ទៀងផ្ទាត់ភាព ត្រឹម ត្រូវនៃឯកសារ ផ្តល់នូវទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការនានា។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងបានកំណត់យកអាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបរិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីបណ្ឌិតអភិបាលខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរជូនដល់ អគ្គនាយកដ្ឋានប្រៃសនីយ៍កម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានខិតខំសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងរៀបចំប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការផ្តល់សេវាសាធារណៈដែលនឹងដោះស្រាយបាននូវបញ្ហាប្រឈមនានាកន្លងមក ដើម្បីធ្វើឱ្យដំណើរការបំពេញបែបបទបញ្ញើប្រៃសណីយ៍កាន់តែមានភាព ឆាប់រហ័ស និងអាចគ្រប់គ្រងបាននូវហានិភ័យនានា ជាយថាហេតុស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក៕