(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
យោងតាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានចុះ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ បានចំនួន ១១៥លើក ដែលមានអ្នកចូលរួមចំនួន២៤,៩៩៥នាក់ ដោយរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយផ្សេងៗ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងជាដើម។
លោក អ៊ុន ចាន់ដា បានបន្ដថា ជាផែនការបន្ទាប់ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពិភាក្សារៀបចំវេទិការសាធារណៈ នៅតាមមូលដ្ឋាននីមួយៗ ដោយផ្តោតយកទីតាំងដែលមានបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាព និងការទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនេះដែរ ដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅ នឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែមានលក្ខណៈទូលំទូលាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមនឹងបន្តរៀបចំវេទិកាសាធារណៈជួបសំណេះសំណាលបន្ថែមទៀត ដើម្បីបន្តដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ការកែលំអរបាតុភាពអសកម្ម និងការ ខុសឆ្គងរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងត្រួតពិនិត្យនូវបញ្ហាដែលដោះស្រាយរួច ជៀសវាងការកើតមានបញ្ហាដដែលៗនៅពេលក្រោយ។
ក្នុងឱកាសនេះ លោក អ៊ុន ចាន់ដា ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កំពង់ចាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលបានខិតខំប្រឹងប្រែង ក្នុងការដោះស្រាយឆ្លើយតបសំណើរ សំណូមពរ ក្ដីកង្វល់ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងការចូលរួមអភិវឌ្ឍន៍ខេត្តកំពង់ចាម ឈានឆ្ពោះទៅសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម ក្នុងទំហំទឹកប្រាក់៣,០០០លានដុល្លារ នៅក្នុងឆ្នាំ២០៣០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា ក្នុងពិធីនេះក៏មានការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមផងដែរ ដែលមានលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាប្រធាន៕